ម៉ាឡេស៊ី មានបំណងចង់ទិញអង្ករ និងត្រីរ៉ស់ពីកម្ពុជា

0

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងនៃសាធារណរដ្ឋម៉ាឡេស៊ីមានបំណងចង់ទិញអង្ករ និងត្រីរ៉ស់កម្ពុជា ដើម្បីទៅបំពេញតម្រូវការរបស់ប្រទេសរបស់ខ្លួនដែលមានការខ្វះខាត។

ការបង្ហាញបំណងចង់ទិញអង្ករ និងត្រីរ៉ស់កម្ពុជានេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Datuk Seri Haji Mohamad bin Sabu រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងនៃសាធារណរដ្ឋម៉ាឡេស៊ី នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយភាគីទាំងពីរ បានជជែកពិភាក្សាលើកិច្ចសហប្រតិបត្តិការ ដើម្បីផល ប្រយោជន៍ប្រទេសទាំងពីរ ។ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងនៃសាធារណរដ្ឋម៉ាឡេស៊ី បានឲ្យដឹងអំពីបញ្ហាសន្តិសុខស្បៀងរបស់ប្រទេសម៉ាឡេស៊ី ជាគោលដៅសំខាន់ ដោយភាគីម៉ាឡេស៊ីមានបំណងចង់ទិញអង្ករ និងត្រីរ៉ស់កម្ពុជា ទៅបំពេញតម្រូវការរបស់ប្រទេសរបស់ខ្លួន ដែលមានការខ្វះខាត។ ជាមួយគ្នានេះ ប្រទេសម៉ាឡេស៊ី បានបង្ហាញចំណាប់អារម្មណ៍លើការវិនិយោគផលិតទឹកដោះគោស្រស់ ក្នុងប្រទេសកម្ពុជាផងដែរ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ថា ប្រទេសទាំងពីរមានចំណុចបំពេញឱ្យគ្នាច្រើនទៅវិញទៅមក ដោយប្រទេសកម្ពុជាមានសក្ដានុពលលើការដាំដុះស្រូវនិងផលិតកម្មអង្ករមានគុណភាព ព្រមទាំងសំបូរត្រី ស្របពេលដែលប្រទេសម៉ាឡេស៊ី មានតម្រូវការ។ តាមរយៈនេះប្រទេសទាំងពីរនឹងសហការគ្នា ដោយកម្ពុជាស្នើឱ្យភាគីម៉ាឡេស៊ីបន្ធូរបន្ថយរបាំងបច្ចេកទេស ដូចជា របាំងអនាម័យ ភូតគាមអនាម័យ ដើម្បីសម្រួលដល់ការនាំចេញកសិផលកម្ពុជាទៅប្រទេសម៉ាឡេស៊ី។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានសាទរដល់ប្រទេសម៉ាឡេស៊ី ដែលចង់បានអង្ករប្រណិតប្រកបដោយគុណភាពខ្ពស់ ខណៈដែលស្រូវអង្ករកម្ពុជា ជាផលិតផលប្រណិត មានគុណភាពល្អ និងរសជាតិឆ្ងាញ់។ សូមបញ្ជាក់ថា ជំនួបនេះបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កា ដោយ ឯកឧត្តមរដ្ឋមន្ដ្រីកសិកម្មនៃប្រទេសទាំងពីរ បានឯកភាពលើកកម្ពស់កសិ-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ សំដៅដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋឱ្យទទួលបានផលប្រយោជន៍ ទៅវិញទៅមក ដោយប្រទេសកម្ពុជាមានទីផ្សារស្រូវអង្ករ ហើយប្រទេសម៉ាឡេស៊ីទទួលបានសន្តិសុខស្បៀង មានហូបគ្រប់គ្រាន់ ទាំងអង្ករ និងត្រី៕