សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ឃើញថា វិស័យទេសចរណ៍នៅខេត្តសៀមរាប នាពេលបច្ចុប្បន្ន កំពុងតែមានស្ថានភាពល្អប្រសើរ ខណៈទទួលបានភ្ញៀវទេសចរជាច្រើន ទស្សនាអង្គរ និងកម្សាន្តនៅ Pub Street ជារៀងរាល់ថ្ងៃ។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ សរុបចំនួន ១.៥១៨នាក់ (នារី៨៩១នាក់) នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប សម្តេចធិបតី បានគូសបញ្ជាក់ថា ភ្ញៀវទេសចរសព្វថ្ងៃអញ្ជើញទៅទស្សនានៅផាប់ស្រ្ទីត និងអង្គរខេត្តសៀមរាប យ៉ាងច្រើនកុះករ ខណៈកំណើនភ្ញៀទេសចរនេះ ដោយសារកម្ពុជា មាននូវសុខសន្តិភាព ។
ក្នុងនោះសម្តេចបវរធិបតី លើកឡើងថា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី កំពុងប្រែក្លាយរដូវដែលមានភ្ញៀវតិច (Low season) ទៅជា Green season ដែលនៅតែរក្សាចំនួនភ្ញៀវទេសចរច្រើនដូច High season។ សម្ដេច ក៏បានចូលរួមអបអរសាទរ ជាមួយអ្នកខេត្តសៀមរាប ដែលភ្ញៀវទេសចរច្រើនរៀងរាល់ថ្ងៃ នៅទឹកដីអង្គរ។
បន្ថែមលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសម្តែង នូវការកោតសរសើរ ដល់អាជ្ញាធរខេត្តសៀមរាប ក្នុងការរៀបចំសន្តិសុខបានល្អ នាំឱ្យមានភ្ញៀវមកទស្សនាកាន់តែច្រើនផងដែរ ។
សម្ដេចបវរធិបតី មានប្រសាសន៍ថា “មេឃថ្ងៃនេះត្រជាក់ ទេសចរណ៍ច្រើន ស្ថិរភាព សន្ដិភាពល្អ ហើយអភិបាលខេត្ត បាញ់ឱ្យខ្ញុំរាល់ថ្ងៃ ហើយមួយថ្ងៃៗណែនៗអង្គរ ណែនៗផាប់ស្រ្ទីត នេះសូមអបអរសាទរអ្នកសៀមរាប។ ឥឡូវ ឯកឧត្តម រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ថ្មី គាត់លែងនិយាយរឿង Low season (ភ្ញៀវតិច) ឈប់ប្រើពាក្យ Low season គឺដូរទៅជារដូវបៃតង់។ ចឹងយើងសង្ឃឹមថា នេះជាចលករបន្ថែមទៀត ជាពិសេស សម្រាប់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើង ដែលវិស័យទេសចរណ៍នៅទីនេះ គឺពឹងផ្អែកធំ”៕