សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រកាស រៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្តទ្រង់ទ្រាយធំឡើងវិញ នៅខេត្តសៀមរាប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥។
នាឱកាសអញ្ជើញ ជាអធិបតីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ ប្រជាពលរដ្ឋថា សូមនាំគ្នាជួយគាំទ្រ ដើម្បីឱ្យកម្មវិធី មានភាពអធឹបអធម ដើម្បីទាក់ម៉ូយទេសចរណ៍ មកលេងខេត្តសៀមរាប កាន់តែច្រើន។
សម្តេចបវរធិបតី មានប្រសាសន៍ថា «ខែមេសា ឆ្នាំនេះ គឺយើងអង្គរសង្ក្រាន្តធំ នៅខេត្តសៀមរាបនេះម្ដងទៀត។ ចឹងសូមត្រៀម ដើម្បីធ្វើឱ្យសង្ក្រាន្ត អង្គររបស់យើងឆ្នាំនេះ កាត់តែសប្បាយទាក់ម៉ូយឱ្យបានច្រើន»។
សូមរំលឹកថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ត្រូវបានផ្ដួចផ្ដើម រៀបចំឡើង ជាផ្ទាំងទស្សនីយភាព វប្បធម៌ទ្រង់ទ្រាយធំ ជាលើកដំបូង នៅក្នុងឆ្នាំ២០១៣ លើទឹកដីអង្គរ នៃខេត្តសៀមរាប រៀបចំដោយសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងគោលបំណងប្រមូលផ្តុំយុវជន និងសាធារណជន ដើម្បីអបអរសាទរពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរតែមួយ រម្លឹក និងធ្វើឱ្យរស់រវើកឡើង នៃមរតកបេតិកភណ្ឌអរូបីខ្មែរ ចូលរួមថែរក្សា និងអភិវឌ្ឍន៍ វប្បធម៌ជាតិ និងលើកស្ទួយកិត្យានុភាពជាតិ លើឆាកអន្តរជាតិ ផ្តល់ឱកាសដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសិក្សាអំពីកិត្តិនាម ភាពចម្រុះនៃវប្បធម៌ អរិយធម៌ ប្រពៃណី និងសាសនា៕