ថ្លែងចេញពីខេត្តសៀមរាប សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឆ្លើយតបចំពោះការព្រួយបារម្ភ របស់ពលរដ្ឋខ្មែរមួយចំនួន ជុំវិញបញ្ហាអធិបតេយ្យភាព បូរណភាពទឹកដី ដែលកាន់តែភ័យខ្លាចបាត់ប្រទេស កូនខ្មែររឹតតែត្រូវខំប្រឹងរៀនសូត្រ ពង្រឹងសមត្ថភាព និងម្ចាស់ការខ្លួនឯង ។ ការថ្លែងរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើង បន្ទាប់ពីមានការលើកឡើង ជុំវិញបញ្ហាទឹកដីម្តង ហើយម្តងទៀត នៅតំបន់ខ្សែបន្ទាត់ព្រំដែន ជាពិសេសក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលយកបញ្ហាព្រំដែន ដើម្បីបម្រើផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន ។
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ កម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ សរុបចំនួន ១.៥១៨នាក់ (នារី៨៩១នាក់) នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ចន្លោះឆ្នាំ១៩៧៩ ប្រជាពលរដ្ឋខ្មែរ មានប្រមាណ៥លាននាក់ ក្នុងនោះឆ្លងកាត់សង្គ្រាម ជាពិសេស របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ ពលរដ្ឋខ្មែរ អស់ជាច្រើនលាននាក់បន្ថែម តែក្រោយការរំដោះប្រទេស និងគិតមកដល់បច្ចុប្បន្ន កម្ពុជា មានប្រជាពលរដ្ឋ ប្រមាណ១៧លាននាក់ ។
សម្ដេចបវរធិបតី លើកឡើងថា ពីមួយជំនាន់ទៅមួយជំនាន់ កាន់តែមានឱកាសជាងជំនាន់មុនៗ ។ ក្នុងនោះសម្តេចធិបតី ឱ្យនាំគ្នាបន្តធ្វើយ៉ាងណា ឱ្យក្មេងៗកាន់តែពង្រឹង និងកាន់តែមានឱកាស រឹងមាំខ្លាំងជាងជំនាន់មុនៗតទៅទៀត ខណៈដែលនេះជាគោលដៅ ដែលរដ្ឋាភិបាលបានដាក់ចេញ តាមរយៈវិនិយោគ នៅក្នុងការកសាង និងអភិវឌ្ឍនៅក្នុងវិស័យអប់រំ ឱ្យកាន់តែរឹងមាំ ។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ខ្លាចបាត់ប្រទេស អត់មានអ្វីខុសទេ ខ្ញុំក៏ខ្លាចបាត់ដែរ កូនខ្ញុំ៣នាក់ វានឹងមានកូនត្រូវជាចៅខ្ញុំ ហើយនឹងមានបន្តចៅទួត ចៅលួត យើងឆ្លងកាត់សង្គ្រាមយូរច្រើនមកហើយ ប៉ុន្តែកុំឱ្យការភ័យខ្លាចនោះ ក្លាយទៅជាការបាក់ទឹកចិត្ត ហើយមិនខំ ហើយគិតតែពីមើលគ្នាឯង មិនទុកចិត្តគ្នាឯងនោះ ដែលជាកត្តាដែលធ្វើឱ្យបាត់បង់ខ្លាំង តែផ្ទុយទៅវិញ បើកាន់តែខ្លាច កាន់តែខំ កូនខ្មែរ បើកាន់តែខ្លាច ត្រូវខំប្រឹងដើម្បីរៀនសូត្រ ពង្រឹងសមត្ថភាព ម្ចាស់ការខ្លួនឯង»៕