សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកត្តាជំរុញឧត្តមភាពនៃការប្រកួតប្រជែងរបស់ប្រទេសជាតិ

0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានចាត់ទុកធនធានមនុស្សដែលប្រកបដោយបំណិនក្នុងសតវត្សរ៍ទី២១ ជាពិសេសផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកត្តាជំរុញឧត្តមភាពនៃការប្រកួតប្រជែងរបស់ប្រទេសជាតិ ដោយសមត្ថភាពទាំងនេះបានជួយឱ្យប្រជាជនបង្កើនចំណេះដឹងថ្មីៗ និងប្រែក្លាយចំណេះដឹងទៅជាការ អនុវត្តប្រកបដោយនវានុវត្តន៍ ដោយគាំទ្រការធ្វើអន្តរកម្មសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការដោះដូរជាដើម។ ការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដូចនេះធ្វើឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ។

សម្តេចនាយករដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តនូវគោលនយោបាយជាច្រើន រួមទាំងចក្ខុវិស័យក្នុងការពង្រឹងការអភិវឌ្ឍ ដើម្បីធ្វើទំនើបកម្មឧស្សាហកម្មរបស់ប្រទេសពីឧស្សាហកម្ម អតិពលកម្មទៅជាឧស្សាហកម្មផ្អែកលើពុទ្ធិ និងបំណិន តាមរយៈការបង្កើតនូវសេដ្ឋកិច្ចឌីជីថល ដោយ ប្រើប្រាស់ឧបករណ៍ឌីជីថលពុទ្ធិជាមូលដ្ឋាន និងសម្រេចបានជាគោលដៅអភិវឌ្ឍន៍សង្គមប្រកបដោយ ចីរភាព។

សម្តេចបានលើកឡើងថា កន្លងទៅមានការយល់ច្រឡំថា ឱ្យនិយាយពីឌីជីថល ឱ្យតែនិយាយពីបច្ចេកវិទ្យា គឺតែងគិតថា ទាល់តែពាក់ព័ន្ធនឹងជំនាញ IT ឬ Computer Science តែការពិតគឺមិនមែន ដូច្នេះទេ។

តាមសម្តេចធិបតីនាយករដ្ឋមន្ត្រីថា ការប្រើប្រាស់បច្ចេកវិទ្យាលទ្ធភាពនៅក្នុងការធ្វើទំនើបកម្ម ដោយប្រើបច្ចេកវិទ្យាឌីជីថលគឺធ្វើឡើងនៅក្នុងគ្រប់វិស័យទាំងអស់ ដែលសូម្បីតែខាងសាសនាក៏ត្រូវ ប្រើឌីជីថលដែរ ដែលកាលពីពេលមុននេះយើងទើបបានរៀបចំបញ្ចូលព្រះត្រៃបិដកចូលទៅក្នុងប្រព័ន្ធឌីជីថល ដើម្បីថ្ងៃក្រោយយើងអាចប្រើប្រាស់បាននៅគ្រប់ទីកន្លែង គ្រប់ការប្រើប្រាស់សម្រាប់ការរីកចម្រើនរបស់យើងតាមរយៈការប្រើប្រាស់ឌីជីថល ដែលវិស័យឌីជីថលនេះវាបានក្លាយជាផ្នែកមួយរបស់ យើងទៅហើយ ហើយនិយាយពីវិស័យទេសចរណ៍វិញគឺគេប្រើបច្ចេកវិទ្យាឌីជីថលនេះសឹងតែទាំងអស់ ជា ពិសេសការ Booking របស់ភ្ញៀវទៅលើសេវាកម្មនានា ដែលការប្រើប្រាស់ប្រព័ន្ធឌីជីថលនេះ ត្រូវតែចេះ ប្រើប្រាស់ទាំងអស់គ្នា ដើម្បីបង្កើននូវប្រសិទ្ធផលការងាររបស់យើងដោយភាពប្រទាក់ក្រឡាដោយ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា កាលពីសម័យកូវីដប្រសិនបើគ្មានការប្រើប្រាស់ឌីជីថលទេនោះ ប្រហែលជាយើងជួបការលំបាកខ្លាំង។ ដូច្នេះការបង្កើនសមត្ថភាពរបស់មនុស្សនៅក្នុងការប្រើប្រាស់ឌីជីថលនេះគឺជាកិច្ចការសំខាន់ ព្រោះវាពាក់ព័ន្ធនឹងដំណើរជីវិតរបស់យើង ដោយរាជរដ្ឋាភិបាលនៅតែបន្តពង្រីកបន្ថែមទៀតនូវការវិនិយោគប្រព័ន្ធអ៊ីនធឺណិត 5G រួមទាំងបញ្ញាសិប្បនិម្មិត AI ផងដែរ៕