ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ខេត្តសៀមរាប គ្រោងនឹងរៀបចំ នៅពីរទីតាំងផ្សេងគ្នា

0

ឆ្នាំនេះក៏ដូចឆ្នាំ២០២៤កន្លងទៅដែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ឆ្នាំម្សាញ់ដែលនឹងចូលមកដល់នៅថ្ងៃទី១៤ ខែមេសាខាងមុខ​ រដ្ឋបាលខេត្ត សៀមរាបគ្រោងនឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឱ្យបានកាន់តែអធឹកអធម​និងទាក់ទាញជាងមុន។

រដ្ឋបាលខេត្តគ្រោងនឹងរៀបចំពីរទីតាំងដែលសុទ្ធសឹងជាទីតាំងមានប្រជាប្រិយភាព ក្នុងនោះ ទីតាំងទី១.​រៀបចំនៅ​ប្រាសាទ​អង្គរវត្ត និងទីតាំងទី២.នៅសួន ក្នុងក្រុងសៀមរាប ប្របនឹងដងស្ទឹងប្រវត្តិសាស្រដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។

ដើម្បីធានាដល់ភាពរលូននៃការរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនោះ កាលពី រសៀលថ្ងៃទី២៤ ខែកុម្ភៈ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំ រៀបចំ ការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តជាមួយម្ចាស់សណ្ឋាគារ ផ្ទះ សំណាក់ ភោជនីយដ្ឋាន ម៉ាស្សា និងស្ប៉ា រមណីយដ្ឋាន សមាគមន៍មគ្គុទ្ទេសក៍ សហគមន៍ទេសចរណ៍ ក្រុមការងារ KiloTravel និងក្រុមអ្នកផលិត​មាតិកា វីដេអូ ដើម្បីពិភាក្សា រៀបចំវីដេអូផ្សព្វផ្សាយ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបបានដឹកនាំកិច្ចប្រជុំនេះ​ដោយមានការចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត តំណាងសហភាពសហព័ន្ធ យុវជន កម្ពុជាខេត្តសៀមរាប លោក​តំណាងមន្ទីរទេសចរណ៍ខេត្ត លោកប្រធាន មន្ទីរព័ត៌មានខេត្តស្តីទី នាយកទីចាត់ការអន្តរវិស័យ នាយករងទីចាត់ការ​ទំនាក់ទំនង និងសហប្រតិបត្តិការអន្តរជាតិ និងក្រុមការងារជំនាញផងដែរ។

ក្នុងឱកាសនេះក្រុមការងារបានធ្វើបទបង្ហាញ ស្តីពីការងារផ្សព្វផ្សាយ ទេសចរណ៍ និងការផលិតមាតិកា ដោយក្រុមការងារ KiloTravel និងបទ បង្ហាញពីការរៀបចំអង្គរសង្ក្រាន្ត ដោយតំណាងសហភាព សហព័ន្ធ យុវជនកម្ពុជា ដែលគ្រោងនឹងរៀបចំ ២ទីតាំង ទីតាំងទីមួយរៀបចំនៅ ប្រាសាទអង្គរវត្ត និងទីតាំងទីពីររៀបចំនៅសួនក្នុងក្រុងសៀមរាប។

បន្ទាប់ពីធ្វើបទបង្ហាញរួចរាល់ លោកអភិបាលរងខេត្ត ក៏បានស្នើដល់ម្ចាស់ សណ្ឋាគារ ផ្ទះសំណាក់ ក៏ដូចជាភោជនីយដ្ឋាន សូមកុំដំឡើងថ្លៃនៅពេលដែល សៀមរាបរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខនេះ និងសូមឱ្យរមណីយដ្ឋាន ព្រមទាំង​សហគមន៍ទេសចរណ៍ អេកូទេសចរណ៍ ត្រូវរៀបចំកន្លែងឱ្យមាន អនាម័យ និងមានសោភណភាពស្អាត ដើម្បីបម្រើដល់​ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាខេត្តសៀមរាប។

លោកក៏បានផ្តាំផ្ញើទៅដល់ក្រុមអ្នកផលិតមាតិការវីដេអូ ក្នុងខេត្តទាំងអស់ ឱ្យជួយរៀបចំផលិតវីដេអូថ្មីៗ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាននេះឱ្យបានទូលំទូលាយ ព្រមទាំងលើកស្ទួយដល់ខេត្តសៀមរាប ក៏ដូចជាវិស័យទេសចរណ៍ក្នុងខេត្ត ឱ្យមានភ្ញៀវ​មកចូលរួម និងទស្សនាខេត្តសៀមរាប ឱ្យច្រើនកុះករ នាថ្ងៃរៀបចំ ព្រឹត្តការណ៍អង្គរសង្ក្រាន្ត៕