អគ្គនាយកស៊ីម៉ាក់៖ ស្គាល់នូវសោកវិនាសកម្មនៃសង្គ្រាម​ ទើបយល់​ដឹងពីតម្លៃមហាសាលនៃសន្តិភាព

0

ជាមួយរូបថតជាច្រើនសន្លឹកដែលលោកបញ្ជាក់ថា “រូបភាពពីបរទេស” ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទទួលបន្ទុកអគ្គ​នាយក​នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ឬហៅកាត់ថា ស៊ីម៉ាក់ (CMAC)បានសរសេរអត្ថបទខ្លីមួយទាក់ទងនឹងសង្រ្គាមរវាង​ប្រទេស​អ៊ុយក្រែន និងរុស្ស៊ី គំរប់បីឆ្នាំគិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

លើបណ្ដាញសង្គមហ្វេសប៊ុកឯកឧត្តម ហេង រតនា រៀបរាប់យ៉ាងដូច្នេះថា “ថ្ងៃទី២៤​ ខែកុម្ភៈ​ ឆ្នាំ២០២៥នេះ​ ជាខួបគំរប់​៣ឆ្នាំនៃការចាប់ផ្តើម​សង្គ្រាម​អ៊ុយក្រែន-រុស្ស៊ី​ ពោលគឺកាលពីថ្ងៃទី២៤​ ខែកុម្ភៈ​ ឆ្នាំ២០២២​ រុស្ស៊ីបាន​បញ្ជូនកងទ័ពចូលទឹកដីអ៊ុយក្រែន!!”។

លោកបន្តថា សង្គ្រាមបាននិងកំពុងបំផ្លិចបំផ្លាញអ្វីៗគ្រប់យ៉ាងរបស់អ៊ុយក្រែន និងផ្នែកខ្លះរបស់រុស្ស៊ី​ ។មនុស្សរាប់​សែន​នាក់បានស្លាប់។​ ប្រជាជនអ៊ុយក្រែន​ចំនួនជាង៨.៥លាននាក់ក្លាយជាជនភៀសខ្លួនទៅក្រៅប្រទេស ជាពិសេស​ប្រទេសអឺរ៉ុប​ដែលទទួលជនភៀសខ្លួនច្រើនជាងសម័យសង្គ្រាមលោក​លើក​ទី២ទៅទៀតនិងមានប្រជាជនជាង៨លាននាក់ជាជនភៀសខ្លួនក្នុងប្រទេស។

អគារធំតូច​ ទីធ្លាសាធារណៈ​ រោងចក្រ​ ប្រពន្ធ័អគ្គិសនី​-ទឹកស្អាត​ ស្ពាន​ ផ្លូវថ្នល់​ …ត្រូវបានបំផ្លិចបំផ្លាញស្ទើគ្មានសល់។ ដីព្រៃភ្នំ បរិស្ថាន​ស្រែចម្ការ​ ក្លាយជា​ទីលានសមរភូមិ​ ចម្ការមីន​…!! ។

ឯកឧត្តមបានរំលឹកថា “យុវជនអ៊ុយក្រែនធ្លាប់តែលឺសំឡេងស្រែកសប្បាយ​អបអរសាទរកីឡាបាល់ទាត់​ កីឡាប្រដាល់​…ដ៏​អស្ចារ្យរបស់​ជាតិ​សាសន៍ខ្លួន​ បានប្រែក្លាយលឺតែសំឡេងគ្រាប់បែក​ គ្រាប់កាំជ្រួច​ ដ្រូនទម្លាក់គ្រាប់បែក…។

ជាមួយសំឡេងយំស្រែកទឹកភ្នែកឥតល្ហែ តើសន្តិភាពនៅឯណា? ពេលណា​ទើបត្រឡប់មកវិញ​”។

តើការបាត់បង់បំផ្លិចបំផ្លាញត្រូវការពេលវេលាយូរប៉ុណ្ណាទើបស្តារឡើងវិញបាន? អ្នកណាជាអ្នកទទួលខុសត្រូវ?។ ការ​បំផ្លិចបំផ្លាញដោយ​សង្គ្រាមក្នុងរយៈ​ពេល៣ឆ្នាំ​ តែការកសាងអាចត្រូវការពេលវេលារាប់ទសវត្សរ៍។

នៅចុងបញ្ចប់នៃសំណេរឯកឧត្តមបានគូសរំលេចថា “ស្គាល់នូវសោកវិនាស​កម្មនៃសង្គ្រាម​ ទើបយល់ដឹងពីតម្លៃមហាសាលនៃសន្តិភាព!!​”៕