អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ៖ ការបង្ក្រាបជនបរទេសសំងំលាក់ខ្លួនរកស៊ីអនឡាញខុសច្បាប់នៅកម្ពុជា បានធ្វើយូរមកហើយ

0

ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងថា សកម្មភាពបង្ក្រាបជនបរទេសដែលសំងំលាក់ខ្លួនធ្វើប្រតិបត្តិការអនឡាញខុសច្បាប់នានា នៅកម្ពុជាបានធ្វើការបង្ក្រាបជាហូរហែ មិនមែនទើបតែអនុវត្តនោះទេ ។

ការលើកឡើងរបស់លោកបណ្ឌិត ទូច សុឃៈនេះបន្ទាប់ពីសមត្ថកិច្ច បានរកឃើញជនបរទេស ចំនួន២៣០ នាក់ ក្នុងនោះ មានជនជាតិថៃ ចំនួន១២៣នាក់ កំពុងសំងំលាក់ខ្លួនលួចលាក់ធ្វើប្រតិបត្តិការអនឡាញខុសច្បាប់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានមេខ្លោងជាជនជាតិចិន កាលពីថ្ងៃ២៣ ខែកុម្ភៈ ក្រោយបានធ្វើការស្រាវជ្រាវស៊ើបអង្កេតលើទីតាំង ខាងលើរយៈពេលជាង៣ខែកន្លងមក។

ករណីនេះលោកបណ្ឌិត ទូច សុឃៈបញ្ជាក់បន្ថែម នាថ្ងៃទី២៤ ខែកុម្ភៈថា កម្ពុជាបានធ្វើរឿងនេះតាំងពីយូរមកហើយ គឺតាំងពីរាជរដ្ឋាភិបាលចាស់ម្ល៉េះ ហើយក៏កំពុងស៊ើបអង្កេតបង្ក្រាបជាបន្តបន្ទាប់។

លោកបន្តថា ចំពោះកិច្ចសហការ ភាគីកម្ពុជាមានតាំងពីយូរមកហើយដែរជាមួយគ្នា ថៃ ឡាវ និងវៀតណាម រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងពាក់ព័ន្ធនៃប្រទេសទាំង៣ ពោលគឺតែងប្រជុំប្រចាំឆ្នាំជាប្រពៃណី និងកិច្ចសហការជាប្រចាំថ្ងៃទាំងការបញ្ជូនព័ត៌មានឱ្យគ្នា និងកិច្ចសហការបង្ក្រាបបទល្មើស ដែលទទួលបានប្រសិទ្ធភាពជាទីមោទន:។

អ្នកនាំពាក្យរងក៏បានបញ្ជាក់ថា បើក្រុមប្រឆាំងគ្រាន់តែឃើញប្រទេស ជិតខាង ដាក់ចេញវិធានការនេះវិធានការនោះ រួចមកភ្ជាប់ជាមួយក្នុងន័យអវិជ្ជមាន នោះជាការលើកឡើងពុំបានមើលឱ្យគ្រប់ជ្រុង ជ្រោយ ព្រោះកម្ពុជាបានធ្វើច្រើន និងបន្តធ្វើទៀត មិនមែនត្រឹមកម្រិតប្រទេសជាប់ព្រំដែនគ្នានោះទេ គឺបានធ្វើឡើងជាមួយបណ្ដាប្រទេសផ្សេងៗ ។ ក្នុងនោះក៏មានកិច្ចសហការជួយគ្នាទៅវិញទៅមកទាំងការបញ្ជូនព័ត៌មាន សហការបង្ក្រាប ការជួយគ្នាលើផ្នែកធនធានមនុស្ស និងឧបករណ៍បច្ចេកទេស…។

ដូច្នេះលោកថា ជារួម ករណីតាមប្រព័ន្ធ Call Centre ជាករណីរួមគ្នា ហើយកម្ពុជាបានធ្វើឱ្យភ្ញៀវទេសចរ និងអ្នកវិនិយោគមានទំនុកចិត្តគួរឱ្យកត់សម្គាល់ គឺបទល្មើសប្រភេទនេះបានស្រាកស្រាន្ត និងគ្រប់គ្រងបាន។

“កិច្ចការងារនេះទាំងជាមួយថៃ ទាំងជាមួយវៀតណាម ទាំងជាមួយឡាវគឺយើងបានអនុវត្តជាលក្ខណៈប្រពៃណីផង ជាលក្ខណៈបច្ចេកវិទ្យាផងដែរ ដើម្បីបោះព័ត៌មានឲ្យគ្នាទៅវិញទៅមកអំពីបទល្មើស បោះនូវមុខសញ្ញាឲ្យគ្នាទៅវិញទៅមកអំពីជនល្មើសឈានទៅដល់ការបង្ក្រាបរួមគ្នា ឬក៏គាំទ្រគ្នាទាំងលក្ខណៈបច្ចេកទេសនិងបណ្តុះបណ្តាលធនធានមនុស្ស” ។

សូមបញ្ជាក់ថា ចំពោះពលរដ្ឋថៃទាំង ១២៣នាក់ នគរបាលជាតិកម្ពុជា នឹងស្នើសុំកិច្ចសហការជាមួយនគរបាលភូមិន្ទថៃ ដើម្បីមានវិធានការបន្ត ក៏ដូចជាសហការដើម្បីកំណត់មុខសញ្ញាមេខ្លោងសំខាន់ដទៃទៀត នឹងឈានទៅ ស្វែងរកចាប់ខ្លួនជនល្មើសជាមេខ្លោងយកមកអនុវត្តច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ចំពោះជនបរទេស ផ្សេងទៀត សមត្ថកិច្ចកំពុងធ្វើការសាកសួរ និងចាត់វិធានតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕