លោកជំទាវរដ្ឋមន្ត្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងការជំរុញវិស័យពាណិជ្ជកម្មអេឡិចត្រូនិក ឱ្យកាន់តែផុសផុល តាមរយៈការកសាងប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មអេឡិចត្រូនិកដ៏រីកចម្រើន ដើម្បីជួយឱ្យកម្ពុជាឈានទៅរកអនាគតឌីជីថល និងប្រកួតប្រជែងបាននៅលើឆាកពិភពលោក។
ការជំរុញនេះធ្វើឡើង នារសៀលថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ា ក្នុងឱកាសលោកជំទាវរដ្ឋមន្ត្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរបាយការណ៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ឆ្នាំ២០២៤ សម្រាប់ប្រទេសកម្ពុជា ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងលោក Subhadeep Chowdhury ប្រធានក្រុមហ៊ុន Profitence ព្រមទាំងតំណាងវិស័យឯកជនជាច្រើនរូប។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានថ្លែងអំណរអរគុណដល់ក្រុមហ៊ុន Profitence និងភាគីពាក់ព័ន្ធទាំងអស់សម្រាប់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងយកចិត្តទុកដាក់រៀបចំរបាយការណ៍នេះឡើង ដែលមិនត្រឹមតែបង្ហាញអំពីស្ថានភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់នូវការយល់ដឹងស៊ីជម្រៅ ចំពោះឱកាស និងបញ្ហាប្រឈមដែលប្រទេសកម្ពុជានឹងជួបប្រទះផងដែរ។
លោកជំទាវរដ្ឋមន្ត្រី បន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងពាណិជ្ជកម្មបាននិងកំពុងធ្វើការយ៉ាងសកម្មដើម្បីបង្កើតក្របខណ្ឌវិញ្ញាបនបត្រសម្គាល់ទំនុកចិត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (CETS) ខណៈពេលដែលក្រសួងពាណិជ្ជកម្មកំពុងសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីបង្កើតប្រកាសស្តីពីក្រមសីលធម៌ផងដែរ ក្នុងបំណងលើកកម្ពស់ការជឿទុកចិត្តរបស់អតិថិជន លើកកម្ពស់ការអនុវត្តអាជីវកម្មដោយយុត្តិធម៌ និងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិច្បាប់សម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) នៅកម្ពុជា។
លោកជំទាវរដ្ឋមន្ត្រី បន្ថែមថា ខណៈពេលដែលប្រទេសកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីប្រទេសអភិឌ្ឍន៍តិចតួច យើងត្រូវតែត្រៀមខ្លួនយ៉ាងពេញលេញ ដើម្បីទទួលយកការផ្លាស់ប្តូរនាពេលខាងមុខ ហើយបញ្ហាប្រឈមបែបនេះក៏នឹងផ្តល់នូវឱកាសយ៉ាងច្រើនសម្រាប់យើងក្នុងការទាញប្រយោជន៍ពីពាណិជ្ជកម្មឌីជីថលដើម្បីជំនួសលើបញ្ហាប្រឈមទាំងនេះ ផងដែរ។
ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី លើកឡើងទៀតថា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) មិនត្រឹមតែជាឧបករណ៍សម្រាប់កំណើនសេដ្ឋកិច្ចនោះទេ វាគឺជាមធ្យោបាយនៃការផ្តល់ភាពខ្លាំងនិងជឿជាក់ដល់សហគមន៍ តាមរយៈការបង្កើតឱកាស និងការផ្លាស់ប្តូរ ជាក់ស្ដែងសហគ្រិនតាមជនបទអាចដាក់លក់ផលិតផលរបស់ខ្លួនដល់គ្រប់ទីកន្លែងក្នុងពិភពលោក ដោយគ្រាន់តែប្រើទូរស័ព្ទដៃតែប៉ុណ្ណោះ។
លោកជំទាវរដ្ឋមន្ត្រី បានលើកយកចំណុចអាទិភាពសំខាន់ៗដែលកម្ពុជាត្រូវផ្តោតក្នុងការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក រួមមាន៖ ១. ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល៖ ការពង្រីកសេវាអ៊ីនធឺណិត ការដឹកជញ្ជូន និងប្រព័ន្ធទូទាត់ដែលមានសុវត្ថិភាព។ ២. ការលើកកម្ពស់អក្ខរកម្មឌីជីថល៖ ធានាថាប្រជាជនកម្ពុជាទូទាំងប្រទេសមានជំនាញចាំបាច់ក្នុងការចូលរួមសេដ្ឋកិច្ចឌីជីថល តាមរយៈកម្មវិធីបណ្តុះបណ្តាល និងយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងជាសាធារណៈជាដើម។ ៣. ការពង្រឹងការការពារអ្នកប្រើប្រាស់៖ ការបង្កើតបទប្បញ្ញត្តិច្បាស់លាស់ស្តីពីឯកជនភាពទិន្នន័យ និងការទូទាត់ត្រលប់ និងបង្កើតក្របខ័ណ្ឌវិញ្ញាបនបត្រសម្គាល់ទំនុកចិត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលនឹងជួយលើកទឹកចិត្តអ្នកប្រើប្រាស់កាន់តែច្រើនឱ្យចូលរួមជាមួយទីផ្សារអនឡាញ៕