ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស មន្ទីរអង្គភាពជំនាញ អាជ្ញាធរក្រុងកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់ស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតទី២ និងបណ្ដាញទឹកក្នុងខេត្តកំពង់ចាម ដែលសម្រេចការសាងសង់បានប្រមាណជាង៨០% ដែលគ្រោងនឹងដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗខាងមុខនេះ។
ឯកឧត្តម តេង សាវឿន អគ្គនាយករដ្ឋាករទឹកកំពង់ចាម បានឱ្យដឹងថា មកដល់ពេលនេះការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកស្អាតទី២ ក្នុងខេត្តកំពង់ចាម មានរយៈពេល២០ខែហើយ គឺសម្រេចបានប្រមាណជាង៨០%ហើយ។ ការរៀបចំប្រព័ន្ធទឹកស្អាតគឺអនុវត្តតាមផែនការផ្គត់ផ្គង់ទឹកស្អាតឆ្នាំ២០៣០របស់រាជរដ្ឋាភិបាល ក្នុងធានាឱ្យបានការផ្គត់ផ្គង់ និងគ្រប់គ្រងទឹកស្អាតសម្រាប់ប្រជាពលប្រើប្រាស់ ប្រកបដោយនិរន្តរភាព ដោយឈរលើលក្ខខណ្ឌ៤យ៉ាងគឺ ទឹកមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ។
ឯកឧត្តមអគ្គនាយករដ្ឋាករបានឱ្យដឹងដែរថា ស្ថានីយបូមទឹកឆៅជារោងចក្រប្រព្រឹត្តកម្មទឹកស្អាត និងបណ្ដាញទី២ កំពុងសាង់សង់ស្ថិតនៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលមានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត ដល់ប្រជាជនក្នុងតំបន់សេវាកម្មបានប្រមាណ ៧ ០០០តំណ ប្រជាពលរដ្ឋប្រមាណជាង៣ម៉ឺននាក់។ បច្ចុប្បន្នរដ្ឋាករទឹកកំពង់ចាមមានរោងចក្រប្រព្រឹត្តកម្មទឹកស្អាតទី១ ស្ថិតនៅក្នុងភូមិទី១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលមានសមត្ថភាពផលិត ១១ ៥០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងបណ្តាញចែកចាយប្រវែង៥៧គីឡូម៉ែត្រ ដោយដំណើរការផ្គត់ផ្គង់២៤ម៉ោងក្នុងមួយថ្ងៃ ជូនប្រជាពលរដ្ឋបាន ១៨ ៥៩៣គ្រួសារ ស្មើនឹង៧៣% ទទួលបានទឹកស្អាតប្រើប្រាស់ និងមានអត្រាគ្របដណ្ដប់លើផ្ទៃសេវាកម្មបានចំនួន ៦៨/៨២ភូមិ ស្មើនឹង៨៣%៕