គិតត្រឹមរយៈពេល៣សប្ដាហ៍ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ មន្រ្តីអត្តសញ្ញាណកម្មបានបន្តផ្តល់សេវាជូនប្រជាពលរដ្ឋទូទាំងប្រទេសបានចំនួន៦ម៉ឺនសេវា។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
បើតាមអ្នកនាំពាក្យ សេវាបានផ្តល់ជូនប្រជាពលរដ្ឋនោះរួមមាន លិខិតឆ្លងដែនជាង ២៣.១៨៤ម៉ឺនក្បាល លិខិតធ្វើដំណើរជាង ៣.៥១២ពាន់ក្បាល សៀវភៅស្នាក់នៅជាង ៦.៨៩២ពាន់ក្បាល សៀវភៅគ្រួសារជាង ៥.៥៣៧ពាន់ក្បាល និងអត្តសញ្ញាណប័ណ្ណចំនួនជាង ២១.៥១៦ម៉ឺនសន្លឹក។
ឯកសារអត្តសញ្ញាណកម្ម គឺជាផ្នែកមួយនៃសេវាដែលផ្ដល់ជូនដោយមន្រ្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងមហាផ្ទៃ ដើម្បីផ្តល់ជូនពលរដ្ឋប្រើប្រាស់តាមតម្រូវការ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តឱ្យក្រសួងមហាផ្ទៃរិះរកវិធីសាស្រ្តថ្មីៗបន្ថែមទៀតដើម្បីផ្ដល់សេវាទាំងនេះឱ្យកាន់តែប្រសើរជូនពលរដ្ឋ៕