Home សង្គម អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសត្វគោ ក្របី នៅស្រុកមោងឫស្សី

អភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសត្វគោ ក្របី នៅស្រុកមោងឫស្សី

0

បាត់ដំបង ៖ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសត្វគោ ក្របី ជូនដល់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិទួលព្រំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយមានការចូលរួមពី លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត មន្ត្រីរាជការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរមូលដ្ឋាន ពេទ្យសត្វ និងបងប្អូនប្រជាពលរដ្ឋ ប្រជាកសិករប្រកបមុខរបរចិញ្ចឹមសត្វចូលរួមផងដែរ។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត លើកឡើងថារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ដោយឱ្យមន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងពេទ្យសត្វ ខិតខំពិនិត្យលើបញ្ហាការងារប្រកបមុខរបរកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ការងារកសិកម្មចិញ្ចឹមសត្វតាមមូលដ្ឋានជាដើម។

ឯកឧត្តម អភិបាលខេត្ត បានស្នើរដល់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងពេទ្យសត្វនៅតាមមូលដ្ឋានត្រូវខិតខំយកចិត្តទុកដាក់បន្តយុទ្ធនាការក្នុងការចាក់វ៉ាក់សាំង ការពារជំងឺសត្វ ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានគ្រប់ភូមិនៅតាមមូលដ្ឋានរបស់ខ្លួនដើម្បីការពារសត្វពាហនៈរបស់ប្រជាពលរដ្ឋកុំឱ្យមានជំងឺផ្សេងៗ។

ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ដល់មន្រ្តីជំនាញ និងពេទ្យសត្វតាមមូលដ្ឋានដែលបានខិតខំបំពេញការងារ ជូនបងប្អូនប្រជាពលរដ្ឋនាពេលកន្លងមកនេះ និងបន្តខិតខំបន្ថែមទៀត។

គួរបញ្ជាក់ផងដែរ នាពេលកន្លងមក មន្រ្តីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងពេទ្យសត្វនៅតាមមូលដ្ឋាន បានអនុវត្តការងារចាក់វ៉ាក់សាំង ការពារជំងឺសត្វពាហនៈ មួយចំនួន នាពេលកន្លងមកជូនបងប្អូនប្រជាពលរដ្ឋដូចជា វ៉ាក់សាំងការពារជំងឺដុំពកលើស្បែក គោ ក្របី, វ៉ាក់សាំងការពារជំងឺសារទឹកគោ ក្របី, វ៉ាក់សាំងការពារជំងឺអុតក្តាមគោ ក្របី, វ៉ាក់សាំងការពារជំងឺជ្រូក៩មុខ, វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតជាដើម៕

Previous articleនៅឆ្នាំ២០២៤ ខេត្តរតនគិរី មានផ្ទៃដីដាំដុះសរុបចំនួន ១៣២.២៨៨ ហិកតា
Next article៣សប្ដាហ៍មកនេះ មន្រ្តីអត្តសញ្ញាណកម្មផ្តល់សេវាជូនពលរដ្ឋ៦ម៉ឺនសេវាទូទាំងប្រទេស