ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញចុះពិនិត្យការច្រូតស្រូវសែនក្រអូប០១ និងជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ នៅខេត្តកំពង់ធំ

0

នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញចុះពិនិត្យការច្រូតស្រូវសែនក្រអូប០១ និងជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ នៅភូមិរលស់ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្រ្តី បានចុះត្រួតពិនិត្យមើលការប្រមូលផលស្រូវសែនក្រអូប០១ និងទទួលស្តាប់នូវស្ថានភាពជាក់ស្តែង​របស់សហគមន៍​។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តក្នុងការសហការជាមួយមន្ត្រីជំនាញ ដើម្បីពិនិត្យលើទីតាំងដីដើម្បីត្រៀមដាំនូវពូជស្រូវចំប៉ីស៧០​។

ស្របពេលជាមួយគ្នានេះ​ លោក​ ឆេង បូរ៉ា ប្រធានសហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ បានបង្ហាញក្តីសប្បាយរីករាយ និងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់​ ឯកឧត្តមរដ្ឋមន្ត្រី​ បានអញ្ជើញចុះពិនិត្យការច្រូតស្រូវសែនក្រអូប០១ ដោយផ្ទាល់។ លោកបន្តថា ក្រោយពីប្រជាកសិករសហការគ្នាចងក្រងសហគមន៍កសិកម្មទំនើបធ្វើឱ្យពួកគាត់ទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា កាត់បន្ថយចំណាយមិនចាំបាច់ មានមន្ត្រីកសិកម្មជួយណែនាំ​ និងផ្តល់បច្ចេកទេសក្នុងការដាំដុះ ហើយទទួលបានទិន្នផលច្រើន ជាជាងធ្វើការដាំដុះដាច់ដោយឡែក ជាពិសេសមានទីផ្សារពិតប្រាកដ និងលក់បានចំណេញជាងពីមុន។

តំណាងសហគមន៍រូបនោះបានឱ្យដឹងទៀតថា នៅក្នុងសហគមន៍របស់គាត់មានប្រព័ន្ធទឹកស្រោចស្រពគ្រប់គ្រាន់ អំណោយផលដល់ការដាំដុះទាំងរដូវប្រាំង និងរដូវវស្សា។​ នៅឆ្នាំក្រោយៗទៀត សហគមន៍នឹងបន្តកៀរគរប្រជាកសិករបន្ថែមទៀតឱ្យចូលរួមក្នុងសហគមន៍កសិកម្មទំនើប ដើម្បីពង្រឹង​ និងពង្រីកការដាំដុះដំណាំស្រូវសែនក្រអូប០១ និងពូជស្រូវក្នុងស្រុកផ្សេងៗទៀត។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍ណែនាំដល់សហគមន៍កសិកម្មទំនើប បន្តធ្វើការសហការដោយកសាងទំនុកចិត្តជាមួយគ្នា និងគិតគូរពីផលប្រយោជន៍រួម ដើម្បីថែរក្សាសហគមន៍ឱ្យបានយូរអង្វែង សំដៅជួយលើកស្ទួយវិស័យកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងរីកចម្រើនបន្ថែមទៀត៕