នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន OLAM International Limited ដែលជាក្រុមហ៊ុនពាណិជ្ជកម្មស្រូវអង្ករខ្នាតអន្តរជាតិ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ជំនួបនេះ បានធ្វើឡើងក្នុងគោលបំណងចង់ជួយសម្រួលទីផ្សារស្រូវអង្ករក្នុងប្រទេសកម្ពុជា ជួយកាត់បន្ថយថ្លៃដើមផលិត បង្កើនប្រាក់ចំនេញ និងថ្លៃកសិផលជូនប្រជាកសិករ។
ការប្រជុំនេះ មានគោលដៅក្នុងការកំណត់ពីរបៀបរបបនៃការផលិតដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ កាត់បន្ថយការប្រើប្រាស់ធាតុចូលកសិកម្ម ផលិតកម្មមានគុណភាពខ្ពស់ ធានាទីផ្សារចេញពីការអនុវត្តកសិកម្មល្អ(GAP)។ លើសពីនេះ ការអនុវត្តកសិកម្មល្អទ្រង់ទ្រាយធំ បានបម្រើផលប្រយោជន៍ជាច្រើនដល់កសិករ ក្នុងរៀបចំសហគមន៍កសិកម្មទំនើប ទទួលបានបច្ចេកទេសទំនើបៗ កាត់បន្ថយការបំភាយកាបូន និងទទួលបានប្រាក់ចំនេញខ្ពស់។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាការងារនេះមានការសហការជាមួយដៃគូអភិវឌ្ឍន៍នានាដូចជាស្ថានទូតអាល្លឺម៉ង់ អង្គការ(GIZ) ហើយគម្រោងនឹងរៀបចំជាសហគមន៍ធំធ្វើស្រែគំរូ ដោយអនុវត្តវិធីសាស្រ្តការអនុវត្តកសិកម្មល្អ និងកាត់បន្ថយការប្រើប្រាស់ធាតុចូលកសិកម្ម៕