រដ្ឋាភិបាលត្រូវការធ្វើពិពិធកម្មសេដ្ឋកិច្ចជាចាំបាច់ដើម្បីសម្រេចផែនការឆ្នាំ២០៥០របស់កម្ពុជា

0

រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវចក្ខុវិស័យដើម្បីប្រែក្លាយកម្ពុជាអោយទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទោះបីជាកម្ពុជាបានទទួលរងផលប៉ះទង្គិចពីវិបត្តិជំងឺកូវីដ-១៩ ហើយវិបត្តិផ្សេងៗទៀតក៏កំពុងបន្តកើតឡើងក៏ដោយ ប៉ុន្តែរាជរដ្ឋាភិបាលមិនបានបោះបង់ ឬផ្លាស់ប្តូរនូវទិសដៅអនុវត្តរយៈពេលវែងនេះទេ។

សូមបញ្ជាក់ថា ក្នុងរយៈពេល ជាង២ទសវត្សរ៍កន្លងមកនេះ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើន ជាមធ្យម ៧ភាគរយ ក្នុងមួយឆ្នាំ ដែលគាំទ្រដោយ វិស័យកាត់ដេរ ទេសចរណ៍ កសិកម្មនិង សំណង់ ប៉ុន្តែ កម្ពុជាមិនអាចនៅបន្ត ពឹងអាស្រ័យ តែទៅលើ វិស័យទាំង៤ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច តទៅមុខទៀត ជាអចិន្ត្រៃយ៍ នោះបានទេ។ កម្ពុជា ត្រូវតែធ្វើពិពិធកម្ម មូលដ្ឋានគ្រឹះ នៃសេដ្ឋកិច្ច របស់ ខ្លួនជាចាំបាច់។

សូមបញ្ជាក់ថា ពិពិធកម្មសេដ្ឋកិច្ចគឺជាការរិះរកវិធីពង្រីកសក្ដានុពលសេដ្ឋកិច្ចជាតិលើច្រើនវិស័យ ពង្រីកមុខព្រួញសេដ្ឋកិច្ច ជាអតិបរមាទៅតាមលទ្ធភាពដែល អាចធ្វើបាន អោយបានកាន់តែច្រើន អោយកាន់សម្បូរបែប ដើម្បីមាន កំណើនសេដ្ឋកិច្ច ជានិរន្តរ៍ ពោលគឺមិនពឹង ផ្អែកតែលើវិស័យសេដ្ឋកិច្ច ដដែលៗ ។

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង នីតិកាលទី៧ នៃរដ្ឋសភា នៅវិមានសន្តិភាព ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបង្ហាញពី“យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ » និង «វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា» ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែងដោយផ្តោតលើកិច្ចការអាទិភាព ចំនួន ៥ ។

គឺ (១) ការអភិវឌ្ឍ វិស័យគន្លឹះ និងប្រភពថ្មីនៃកំណើនសេដ្ឋកិច្ច។(២) ការលើកកម្ពស់ការតភា្ជប់ និង ការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និង ឡូជីស្ទីក វិស័យថាមពល, វិស័យទឹកស្អាត និង វិស័យឌីជីថល។(៣)ការកែលម្អបរិយាកាស ធុរកិច្ច និង ការវិនិយោគ។ (៤)ការពង្រឹង ប្រសិទ្ធភាព និង ភាពទាក់ទាញ នៃតំបន់សេដ្ឋកិច្ចពិសេស ។ ៥) ការធ្វើនវានុវត្តន៍ យន្តការហិរញ្ញប្បទាន និង ផលិតផលហិរញ្ញវត្ថុ។

យ៉ាងណាក៏ដោយ ការធ្វើពិពិធកម្មសេដ្ឋកិច្ច ត្រូវការពង្រីកបន្ថែមទៀតនៅពេលដែលប្រទេសទទួលរងនូវវិបត្តិផ្សេងៗដែលបានរំខានដល់ការអនុវត្តសកម្មភាពសេដ្ឋកិច្ច។

ការធ្វើពិពិធកម្មសេដ្ឋកិច្ចផ្តោតលើអាទិភាពចំនួន៤ ដែលមានភាពប្រទាក់ក្រឡាគ្នាយ៉ាងជិតស្និទ្ធិ និងបំពេញឱ្យគ្នាទៅវិញទៅមកគឺ ៖

១- ការកែលម្អប្រព័ន្ធឡូជីស្ទីក ការលើកកម្ពស់ការតភ្ជាប់ផ្នែកដឹកជញ្ជូន ថាមពល និងឌីជីថល

២- ការអភិវឌ្ឍនប្រភពកំណើនសេដ្ឋកិច្ចគន្លឹះ និងថ្មី

៣- ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤

៤- ការជម្រុញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងធនាគារ ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅក្នុងសិក្ខាសាលាជាន់ខ្ពស់ស្តីពី «មាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៖ បទពិសោធន៍អន្តរជាតិ» កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានលើកឡើងថា ការបង្កើនពិពិធកម្មសេដ្ឋកិច្ច គឺជារឿងដែលចាំបាច់ដើម្បីសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយបានរំលេចជាពិសេសអំពី គោលនយោបាយលើកកម្ពស់ការវិនិយោគដោយផ្ទាល់ពីបរទេសរបស់កម្ពុជា ដែលមានការវិវឌ្ឍន៍គួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ១៩៩៤ រហូតមកដល់បច្ចុប្បន្ន ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគ។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីនៅក្នុងសិក្ខាសាលាជាន់ខ្ពស់ស្តីពី «មាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៖ បទពិសោធន៍អន្តរជាតិ»ដែលរៀបចំឡើងក្នុងគោលបំណងដើម្បីគាំទ្រដល់ការរៀបចំ និងការអនុវត្តគោលនយោបាយនានា ពាក់ព័ន្ធនឹងការបង្កើនពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជាបានលើកឡើងថា ស្របពេល ដែលមានការកើនឡើងនៃ ភាពមិនប្រាកដប្រជានៃនិន្នាការសកល និង តំបន់សេដ្ឋកិច្ច កម្ពុជានៅតែ បន្តជួបប្រទះភាពមានកម្រិត នៃ ការធ្វើពិពិធកម្មសេដ្ឋកិច្ច និង ផលិតភាពទាប ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែង, ការសម្របសម្រួល និងកិច្ចសហការរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធក្នុងសង្គមទាំងមូល ដើម្បីដោះស្រាយឬសគល់នៃបញ្ហាប្រឈមទាំងនេះ តាមរយៈយន្តការអនុវត្ត និងប្រព័ន្ធតាមដាននិងវាយតម្លៃ ប្រកបដោយប្រសិទ្ធភាព និងប្រកាន់ខ្ជាប់អភិក្រម «បន្តកែទម្រង់, កែតម្រូវ, បន្សាំ និងធ្វើឱ្យកាន់តែប្រសើរឡើង»។

ក្នុងឱកាសនោះដែរ ឯកឧត្តម វង្សី វិស្សុត បានចែករំលែកទស្សនៈផ្ទាល់ ខ្លួនចំនួន៥ ដើម្បីជាមាគ៌ាឆ្ពោះទៅបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ដែល ទី១៖ ការសម្របសម្រួលការប្រើប្រាស់ធនធាន ទាំងមូលធនសង្គម និងមូលធនមនុស្ស នៅគ្រប់កម្រិត រវាងរដ្ឋាភិបាល និងវិស័យឯកជន គឺជាកត្តាចាំបាច់ ដើម្បីធានាបានឧត្តមភាពប្រៀបធៀប ក្នុងសេដ្ឋកិច្ច។ ទី២៖ ស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប ត្រូវសហការដើម្បីកំណត់បញ្ហារាំងស្ទះដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ព្រមទាំង ស្វែងរកដំណោះស្រាយនៃបញ្ហាប្រឈមទាំងនោះដែលក្នុងនោះស្ថាប័នរដ្ឋ ត្រូវដើរតួនាទីស្នូលក្នុងការធានាបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងទីផ្សារ។ ទី៣៖ ស្ថាប័នរដ្ឋត្រូវពិភាក្សាជាមួយភាគីពាក់ព័ន្ធដើម្បីឱ្យមានការឯកភាពគ្នា និងយល់ឱ្យបានច្បាស់អំពីទិសដៅនៃការអភិវឌ្ឍសេដ្ឋកិច្ច សំដៅបង្កើនសហថាមភាព និង សម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរួមគ្នា។ ទី៤៖ ដើម្បីប្រែក្លាយសេដ្ឋកិច្ចកម្ពុជាពីសេដ្ឋកិច្ចដែលពឹងផ្អែកលើកម្រិតជំនាញទាប និងអតិពលកម្ម ទៅជាសេដ្ឋកិច្ចដែល ពឹងផ្អែកលើចំណេះដឹងនិងតម្លៃខ្ពស់ យើងត្រូវលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់អភិបាលកិច្ច ការធ្វើពិពិធកម្មឧស្សាហកម្ម និងការធ្វើឌីជីថលូបនីយកម្មសង្គម និងសេដ្ឋកិច្ច។ និងទី៥៖ ការធ្វើពិពិធកម្មសេដ្ឋកិច្ចត្រូវ ធ្វើឡើងនៅគ្រប់កម្រិត ទាំងក្នុងការជ្រើសរើសដៃគូពាណិជ្ជកម្ម និងផលប័ត្រផលិតផល ដោយ ត្រូវគិតគូរ ជាយុទ្ធសាស្រ្ត និង មានតុល្យភាពរវាងសន្តិសុខជាតិ ភាពធន់សេដ្ឋកិច្ច ការគោរពយន្តការទីផ្សារ និង ការកំណត់មាគ៌ាវែងឆ្ងាយសម្រាប់កំណើន និងការអភិវឌ្ឍនាពេលអនាគត។

ទន្ទឹមនេះគេឃើញ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញនូវ នយោបាយការទូតសេដ្ឋកិច្ចកម្ពុជាដែលមានមុខព្រួញ ៤សំខាន់ៗគឺ ទី១ជំរុញពាណិជ្ជកម្មអន្តរជាតិ។ទី ២ទាក់ទាញវិនិយោគពីបរទេស។ទី ៣លើកកម្ពស់វិស័យទេសចរណ៍។ទី ៤ ជំរុញការផ្លាស់ប្ដូរវប្បធម៌កីឡានិងផ្សព្វផ្សាយម្ហូបអាហារកម្ពុជា។

សូមបញ្ជាក់ថា ការអនុវត្តតាមគោលនយោបាយពិពិធកម្មសេដ្ឋកិច្ចរហូតមកដល់ពេលនេះ បានរុញកំណើនសេដ្ឋកិច្ចកម្ពុជា អោយងើបឡើងវិញយ៉ាងឆាប់រហ័សពីវិបត្តិជំងឺសកលកូវិដ-១៩ដែលឆ្នាំ២០២៤កន្លងនេះសេដ្ឋកិច្ចកម្ពុជាមានកំណើន៦ភាគរយដែលបានធ្វើអោយផលិតផលសរុប ក្នុងស្រុកសម្រាប់ប្រជាពលរដ្ឋខ្មែរម្នាក់ៗបានកើនឡើងពី១៦០០ដុល្លារអាមេរិកកាលពីឆ្នាំ២០២០ឡើងដល់ពី១៩១៧ដុល្លារអាមេរិកកាលពីឆ្នាំ២០២៣ ហើយឆ្នាំ២០២៤កន្លងនេះ បានកើនឡើងដល់ ២០៧១ដុល្លារអាមេរិក។

យោងតាមសូចនាករម៉ាក្រូសេដ្ឋកិច្ចដែលរៀបចំឡើងដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានវាយតម្លៃនិងព្យាករកំណើន សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥នេះថានឹងទទួលបាន ក្នុងរង្វង់៦,៣ភាគរយ។

ជាមួយគ្នានេះផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ៗនៅ ឆ្នាំ២០២៥នេះ ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២៩២៤ ដុល្លារ ដែលកើនឡើងជាង ៤០ ភាគរយបើ ធៀបនឹងតួលេខនៅឆ្នាំ ២០២៤ ៕