ជប៉ុនផ្តល់ជំនួយឥតសំណងជាង២៤ម៉ឺនដុល្លារ សម្រាប់គម្រោងប្រព័ន្ធ​ទឹកស្អាតនៅភូមិចំនួន២ នៃឃុំកំពង់ឃ្លាំង ខេត្តសៀមរាប

0

ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព​របស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានិង ឯកឧត្តម ឯក សុនចាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី្រ និងជាប្រធានសមាគមទឹកស្អាតជនប​ទ​កម្ពុជានៅរសៀល​ថ្ងៃទី២១ ខែ​កុម្ភៈ ឆ្នាំ២០២៥ បានចុះហត្ថលេខាលើកិច្ច​សន្យា​ផ្តល់ជំនួយឥតសំណងគូសាណូណិសម្រាប់គម្រោងទ្រង់ទ្រាយតូច​សន្តិសុខម​នុស្ស​ជាតិ ​ដល់សមាគមទឹកស្អាតជនបទកម្ពុជា ដែលមានតម្លៃ​ជាទឹកប្រាក់ជាង២៤ ម៉ឺនដុល្លារអាមេរិក ។

ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់​ក្នុងសុន្ទរកថានៃពិធីចុះហត្ថលេខា​នៅស្ថានទូត​ជប៉ុនប្រចាំកម្ពុជាថារ​ដ្ឋា​ភិបាល​ជប៉ុននឹងផ្ដល់ថវិកាចំនួន ២៤៣,៤៥០ ដុល្លារអាមេរិក ជូនសមាគមទឹក​ស្អាតជនបទកម្ពុជា សម្រាប់ការដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្នុង​ភូមិចំនួន២ ក្នុងឃុំកំពង់ឃ្លាំង ខេត្តសៀមរាប។តាមរយៈគម្រោងនេះ​ប្រជាជនប្រមាណ ២ ៣០០នាក់ដែលរស់នៅក្នុងតំបន់នេះ នឹងទទួលបាន​ទឹកស្អាតដែលមានតម្លៃសមរម្យ និងអនាម័យ​គ្រប់គ្រាន់ ដែលនឹងរួមចំណែក​ដល់ការលើកកម្ពស់កម្រិតជីវភាពរបស់ពួកគេ។

ការផ្គត់ផ្គង់ទឹកជាផ្នែកមួយក្នុងចំណោមវិស័យដ៏សំខាន់ នៃកិច្ចសហប្រតិបត្តិ​ការរបស់ប្រទេសជប៉ុនចំពោះប្រទេសកម្ពុជា។ឯកឧត្តមឯកអគ្គរាជទូត​បានរំលឹកថា កាលពីឆ្នាំមុន កម្មវិធីទូរទស្សន៍ឯកសារ​ដ៏ល្បីមួយដែលផលិត​ដោយNHK ត្រូវ​បាន​ចាក់ផ្សាយនៅប្រទេសជប៉ុន។ កម្មវិធីនោះបានបង្ហាញពីកិច្ចសហប្រតិបត្តិការរបស់យើងលើការផ្គត់ផ្គង់ទឹក និងបានគូស​បញ្ជាក់ឆន្ទៈដ៏មុតមាំរបស់ ឯកឧត្តម ឯក ស៊ុនចាន់ ក្នុងការធ្វើ​ឱ្យមានទឹកដែលអាចបរិភោគបាន​ទៅដល់​​ប្រជាជនកម្ពុជា។ ភាពយន្តឯកសារ​នេះបានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើននៅក្នុងប្រទេសជប៉ុន។

ទោះបីជាប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សក៏ដោយមានបញ្ហាប្រឈមជាច្រើនដែលត្រូវដោះស្រាយ។ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី បញ្ជាក់ថា”ជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍ជំនួយអភិវឌ្ឍន៍ផ្លូវការនានា រួមទាំង “គូសាណូណិ” ​ផងដែរ”។

បើតាមការរំលឹកនៅក្នុងសុន្ទរកថារបស់ឯកឧត្តមឯកអគ្គរាជទូតជប៉ុន បាន​គូសរំលេចថា ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាល​ជប៉ុន​​បាននិងកំពុងផ្តល់​ជំនួយឥតសំណងគូសាណូណិសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខ​មនុស្សជាតិនៅកម្ពុជា ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការ​ក្រៅរដ្ឋាភិបាលដែលកំពុងអនុវត្តគម្រោងនានា។ គូសាណូណិ មានន័យថា “ឬសស្មៅ ក្នុងភាសាជប៉ុន។ ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ស្ថានទូត​ជប៉ុន បានចូលរួមចំណែកជិត ៧០០គម្រោង នៅទូទាំងប្រទេសកម្ពុជា តាមរយៈគ្រោងការណ៍ជំនួយឥតសំណងនេះ។

ឯកឧត្តមឯកអគ្គរាជទូតបញ្ជាក់ថា”យើងមានសេចក្តីសោមនស្សរីករាយដែល​គម្រោងទាំងនេះ បានចូលរួមចំណែក​ដោយ​ផ្ទាល់ក្នុងការលើកកម្ពស់គុណភាព​នៃជីវភាពរបស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន”៕