ផ្លូវបេតុង ៩ខ្សែ ប្រវែង ៦៦គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តស្រុកលំផាត់ និងស្រុកកូនមុំ ខេត្តរតនគិរី ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី និងលោក នង សារិន អគ្គនាយកក្រុមហ៊ុន នង សារិន មានសំណាង អ៊ិនវេសម៉ិន ខូអិលធីឌី ពិធីនេះ ប្រារព្ធធ្វើឡើងនៅទល់មុខសាលាឃុំល្បាំង១ ស្រុកលំផាត់។
ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានថ្លែងអំរគុណចំពោះក្រុមហ៊ុន នង សារិន មានសំណាង អ៊ិនវេសម៉ិន ខូអិលធីឌី ដែលបានយកចិត្តទុកដាក់សម្របសម្រួល កៀគរថវិកាពីដៃគូរនានា ដើម្បីយកមកសាងសង់ផ្លូវ នៅក្នុងភូមិសាស្ត្រខេត្តរតនគិរីដើម្បីឆ្លើយតបតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា ឆ្នាំ២០២៥ ជាឆ្នាំទី២ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជារបៀបវារៈនយោបាយដ៏មានសារៈសំខាន់សម្រាប់ការគ្រប់គ្រងដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងនាំប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យជាបន្តទៀតប្រកបដោយ ភាពធន់ សមធម៌ និងនិរន្តរភាព។
ឯកឧត្តម អភិបាលខេត្ត បន្ថែមថា ក្នុងនោះ ស្នូលនៃយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ គឺផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដែលជាមូលដ្ឋានគ្រឹះដើម្បីធានាសម្រេចបាននូវការអភិវឌ្ឍដោយចីរភាពលើគ្រប់វិស័យ។ ពិតណាស់ថា នាពេលកន្លងមកនេះខេត្តរតនគិរី មានការសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគន៍ជាច្រើន ដោយប្រើប្រាស់កញ្ចប់ថវិការបស់រដ្ឋបាលឃុំ សង្កាត់ ស្រុក ក្រុង ខេត្ត ឬថវិការបស់ក្រសួងពាក់ព័ន្ធនានាដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទជាដើម ដែលបានតភ្ជាប់ពីបណ្តាញផ្លូវជាតិទៅគ្រប់មូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ប៉ុន្តែក៏នូវមានផ្លូវជាច្រើនខ្សែរទៀតដែលមិនទាន់សាងសង់ ឬសាងសង់ហើយ ក៏ប៉ុន្តែត្រូវខូចខាត ដោយការហូរច្រោះពីទឹកភ្លៀង ឬការប្រើ ប្រាស់មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ដូច្នេះពេលនេះគឺជាការដ្ឋានបើកសាងសង់ផ្លូវបេតុងជានិម្មិតរូប ហើយបន្ទាប់ពីកម្មវិធីនេះ ក្រុមហ៊ុនដែលទទួលសិទ្ធិអនុវត្ត នឹងចាប់ផ្តើមសាងសង់ ព្រមៗគ្នានៅគ្រប់ការដ្ឋានទាំង៩កន្លែង ស្របទៅតាមកិច្ចសន្យា។ ហើយការសាងសង់ផ្លូវទាំងអស់នេះ គឺជាការកែសម្រួលពីផ្លូវដីក្រហម ទៅជាផ្លូវបេតុង ដែលជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកលំផាត់ និងស្រុកកូនមុំ ក៏ដូចបណ្តាឃុំ និងស្រុកដទៃទៀតក្នុងខេត្តរតនគិរីផងដែរ។
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ អជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហការ សម្របសម្រួលឱ្យបានល្អជាមួយក្រុមហ៊ុនទទួលការសាងសង់ ដើម្បីធ្វើឱ្យការអនុវត្តអាចដំណើរការដោយរលូនតាមការគ្រោងទុក។ ជាមួយនេះ ស្នើអាជ្ញាធរដែនដី មេត្តាផ្សព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋរបស់ខ្លួនដែលរស់នៅតាមបណ្តោយផ្លូវ សូមចូលរួម សហការ និងសម្របសម្រួលដោះស្រាយរាល់បញ្ហាដែលប៉ះពាល់ដែលអាចកើតមានជាយថាហេតុ៕