នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញ ដឹកនាំកិច្ចប្រជុំការឯកភាពរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត មន្ទីរ អង្គភាពស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ប្រារព្ធ ធ្វើឡើងនៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ។
នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានណែនាំទៅដល់អាជ្ញាធរក្រុង-ស្រុកទាំង៩ទូទាំងខេត្ត អាជ្ញាធរឃុំ-សង្កាត់ និងមន្ទីរជំនាញ បន្តយកចិត្តទុកដាក់ពិនិត្យតាមដានស្ថានភាពទឹកនៅតាមភូមិសាស្ត្ររបស់ខ្លួន ដើម្បីវិធានការបន្ត រិះរកគ្របមធ្យោបាយ រកប្រភពទឹកសម្រាប់ត្រៀមជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋក្នុងករណីខ្វះខាតទឹកប្រើប្រាស់នាពេលខាងមុខ ។ ខណៈ បច្ចុប្បន្ននេះបណ្ដាស្រុកមួយចំនួនពិសេស ស្រុកមង្គលបូរី កំពុងប្រឈមជាមួយនឹងការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ ចំណែកទឹកក្នុងក្រុងសិរីសោភ័ណ ទឹកស្ទឹងក៏ចាប់ផ្ដើមស្រកជាបណ្តើរៗដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ពីអាជ្ញាធរគ្រប់ជាន់ថ្នាក់នៅតាមមូលដ្ឋានរបស់ខ្លួន ត្រូវណែនាំដល់ប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយលក្ខណៈសន្សំសំចៃខ្ពស់។ ហើយអាជ្ញាធរគ្រប់ឃុំ-សង្កាត់ ដែលមានបងប្អូនប្រជាពលរដ្ឋប្រកបរបបធ្វើស្រែ ត្រូវណែនាំដល់ពួកគាត់ ចាប់ពីពេលនេះតទៅមិនអនុញ្ញាត ឱ្យមានការបូមទឹកពីស្ទឹង ស្រោចស្រពស្រែប្រាំងទៀតនោះទេ ដើម្បីរក្សាទុកទឹកសម្រាប់ប្រើប្រាស់នាពេលខាងមុខ។
ដោយឡែកពាក់ព័ន្ធទៅនឹងកិច្ចការងារសន្តិសុខសណ្ដាប់ធ្នាប់ឯកឧត្តម អ៊ុំ រាត្រី បានដាក់ចេញនូវបទបញ្ជាដល់គ្រប់កងកម្លាំងទាំងអស់បន្តចូលរួមអនុវត្តនូវគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការបង្ក្រាបរាល់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ដូចជា ករណីក្មេងទំនើង ល្បែង ស៊ីសង ខុសច្បាប និងបញ្ហាគ្រឿងញៀនជាដើម។ មួយវិញទៀត គ្រប់កម្លាំងឈរជើរតាមបន្ទាត់ព្រំដែន ត្រូវបន្តរួមគ្នាការពារសន្តិសុខសណ្តាប់ធ្នាប់តាមព្រំដែន ទប់ស្កាត់នូវការរត់ពន្ធទំនិញគេចពន្ធ ពលករលួចឆ្លងដែនខុសច្បាប់ ជាពិសេសការចរាចរគ្រឿងញៀនជួញដូរ គ្រឿង ញៀននៅតាមបន្ទាត់ព្រំដែន៕