អភិបាលខេត្តកំពង់ធំ ៖ គោលនយោបាយវិស័យស្វាយចន្ទីរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានបន្តជំរុញទៅមុខជាប់ជាប្រចាំ សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ

0

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ថ្លែងថា « គោលនយោបាយវិស័យស្វាយចន្ទី របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ត្រូវបានបន្តជំរុញទៅមុខជាប់ជាប្រចាំ សំដៅលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ» ។

ប្រសាសន៍នេះ ត្រូវបានលើកឡើងនៅក្នុងពិធីចុះកិច្ចសន្យាទិញលក់គ្រាន់ស្វាយចន្ទីសើម រវាងក្រុមហ៊ុនមីរ៉ាត់ អាហ្រ្គី ថេក ឯ.ក (Mirarth) និងសហគមន៍កសិកម្មក្នុងខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។

ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន ខេត្តកំពង់ធំ ជាខេត្តដែលមានសក្តានុពលលើវិស័យកសិកម្ម ជាពិសេស ដំណាំស្វាយចន្ទីរ ។ ហើយដំណាំស្វាយចន្ទីរនេះ គឺជាគោលនយោបាយដ៏សំខាន់មួយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹង និងពង្រីកវិស័យកសិកម្មរបស់កម្ពុជា សម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ។ ការងារកសិកម្មនេះ សម្រាប់ខេត្តកំពង់ធំមានប្រជាពលរដ្ឋប្រមាណជាង ៧៣% ធ្វើកសិកម្ម។ ហើយថ្មីៗនេះ សម្ដេចមហាបវរធិបតី បានអញ្ជើញមកកាន់ខេត្តកំពង់ធំដោយផ្ទាល់នៅសហគមន៍ស្វាយចន្ទីរ ចំនួនពីរលើករួចមកហើយ ដើម្បីពិនិត្យមើលសហគមន៍ទំនើប ព្រមទាំងបានដាក់ចេញនូវគោលនយោបាយមួយដែលត្រឹមត្រូវចាប់តាំងពីការដាំដុះ រហូតដល់ការនាំចេញ ធ្វើយ៉ាងណាជំរុញឲ្យកម្ពុជាក្លាយជាប្រទេសនាំចេញមុខគេក្នុងវិស័យស្វាយចន្ទីរ។

ជាចុងក្រោយ ឯកឧត្តម បានអំពាវនាវដល់សហគមន៍ស្វាយចន្ទីទាំងអស់ ធ្វើការដាំដុះឱ្យស្របទៅនឹងតម្រូវការរបស់អ្នកទិញ ព្រមទាំងមានភាពស្មោះត្រង់រវាងអ្នកលក់ និងអ្នកទិញ៕