ខេត្តកំពតនឹងមានរោងចក្រផលិតបរិក្ខាពេទ្យ ដែលនឹងប្រើប្រាស់កម្លាំងពលកម្ម ៣ ០០០នាក់ ក្នុងពេលឆាប់ៗខាងមុខ

0

ដោយមើលឃើញនូវសក្តានុពល ក៏ដូចជាទីតាំងអំណោយផលរបស់ខេត្តកំពតសម្រាប់ការវិនិយោគ ក្រុមហ៊ុនផលិតគ្រឿងបរិក្ខាពេទ្យ (ផលិតផលវេជ្ជសាស្រ្ត) របស់ប្រទេសចិនមួយគ្រោងនឹងបើករោងចក្រក្នុងពេលឆាប់ៗខាងមុខនេះ ខណៈរោងចក្រនេះត្រូវការកម្លាំងពលកម្មប្រមាណ ៣ ០០០នាក់។ អភិបាលខេត្តករំពឹងថា ការបើករោងចក្រនេះនឹងជួយផ្តល់ការងារដល់បងប្អូនកូនក្មួយដែលជាកម្មករក្នុងខេត្ត ពិសេសនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះផ្ទាល់។

នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអនុញ្ញាតិអោយ លោក Wayne Lin ប្រធានក្រុមហ៊ុន KENPAX ដែលជាក្រុមហ៊ុនផលិតគ្រឿងបរិក្ខាពេទ្យ (ផលិតផលវេជ្ជសាស្រ្ត) មកពីប្រទេសចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការវិនិយោគសាងសង់រោងចក្រ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកជុំគិរី។ ឯកឧត្ដមអភិបាលខេត្តកំពត បានសំដែងនូវការស្វាគមន៍ចំពោះការវិនិយោគ និងបង្កើតរោងចក្រផលិតបរិក្ខាពេទ្យ (ផលិតផលវេជ្ជសាស្រ្ត) របស់ក្រុមហ៊ុន KENPAX ក្នុងខេត្តកំពត ព្រោះនិងផ្តល់ការងារជូនកូនក្មួយដែលរស់នៅក្នុងខេត្ត ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះផ្ទាល់។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាក្រោមម្លប់នៃសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បន្តមកដល់ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្តេចតែងតែលើកទឹកចិត្តចំពោះអ្នកវិនិយោគជាតិ និងអន្តរជាតិទាំងអស់ ឱ្យមកចូលរួមវិនិយោគក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតការងារជូនពលរដ្ឋ ក៏ដូចជាឱ្យកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋកាន់តែប្រសើរឡើង។ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យធ្វើការជ្រើសរើសកម្មករដែលរស់នៅក្បែរតំបន់ដែលសាងសង់រោងចក្រជាជម្រើសទី១ និងបន្តជ្រើសរើសតាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកំពតក្នុងន័យដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋក្នុងខេត្តកំពត។

លោក Wayne Lin ប្រធានក្រុមហ៊ុន KENPAX បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកគឺជាក្រុមហ៊ុនផលិតនូវផលិតផលផ្នែកវេជ្ជសាស្រ្ត ដែលបច្ចុប្បន្នបានធ្វើការចែកចាយ និងផ្គត់ផ្គង់នៅជាង ៤០ប្រទេសនៅលើពិភពលោក។ លោកប្រធានក្រុមហ៊ុនបានបន្តថា ដោយមើលឃើញពីសក្តានុពល និងភាពអំណោយផលរបស់ខេត្តកំពត ទើបក្រុមហ៊ុនសម្រេចមកធ្វើការវិនិយោគដោយសាងសង់រោងចក្រផលិតគ្រឿងបរិក្ខាពេទ្យ (ផលិតផលវេជ្ជសាស្រ្ត) ដែលមានទីតាំងស្ថិតក្នុងភូមិព្រៃថ្មី ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត ហើយរោងចក្រនេះនឹងផ្តល់ការងារចំនួន ៣ ០០០កន្លែងជូនពលរដ្ឋក្នុងខេត្ត។ លោកប្រធានក្រុមហ៊ុនបានបញ្ជាក់ដែរថា រោងចក្រនេះគ្រោងនឹងបើកការដ្ឋានសាងសង់នៅពាក់កណ្តាលខែមីនា ហើយគ្រោងនិងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៥ខាងមុខនេះ៕