ខេត្តព្រះសីហនុនៅតែជាចំណុចគោលដៅសម្រាប់វិនិយោគិនបរទេស បើទោះបីមានការរំខាននៃរបត់នយោបាយនិងសន្តិសុខបរទេសក៏ដោយ

0

ខេត្តព្រះសីហនុ នៅតែជាចំណុចទាក់ទាញមួយសម្រាប់វិនិយោគិនបរទេស បើទោះបីមានការរំខាននៃរបត់នយោបាយនិងសន្តិសុខបរទេសក៏ដោយ ប៉ុន្តែកត្តាសក្ដានុពលភូមិសាស្ត្រ វិទ្យាសាស្ត្រ និងការផ្តល់ជូនសេវាដល់វិនិយោគិន ក៏ដូចជាការអនុវត្តន៍នូវគោលនយោបាយ និងយន្តការកម្មវិធីពិសេសនានារបស់រាជរដ្ឋាភិបាលកម្ពុជា ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានវិទ្យុជាតិកម្ពុជាថា ទោះបីជាមានការរំខានពីភាពមិនប្រាកដប្រជានៃរបត់នយោបាយនិងសន្តិសុខបរទេស ដូចជាសង្គ្រាមនៅអ៊ុយក្រែននិងភាពតានតឹងនៅមជ្ឈិមបូព៌ាដែលមានឥទ្ធិពលទៅលើចរន្តសកលក្តី តែបច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចក៏ដូចជាស្ថានភាពជីវភាពប្រជាជនក្នុងខេត្តព្រះសីហនុ ឃើញថាមានលក្ខណៈល្អប្រសើរនិងជឿនលឿនជាបន្តបន្ទាប់ ដែលចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗក្នុងខេត្ត មានចំនួនជាង៤,២០០ដុល្លារអាមេរិក ដែលឈរលំដាប់លេខ១នៅទូទាំងប្រទេស ។

លោកបានបន្តថា តាមរយៈវិបត្តិកូវីដ១៩ ក៏ដូចជាវិបត្តិសេដ្ឋកិច្ចសកលនានា ខេត្តព្រះសីហនុបានខិតខំប្រឹងប្រែងបន្សាំខ្លួននិងខិតខំពង្រឹងភាពធន់របស់ខ្លួនបន្តិចម្តងៗ ដែលបានធ្វើឱ្យខេត្តព្រះសីហនុមានភាពល្អប្រសើរមកវិញទៅលើវិស័យធំៗមួយចំនួន ជាពិសេសនោះគឺវិស័យទេសចរណ៍ ដែលបានធ្វើឱ្យខេត្តព្រះសីហនុក្លាយទៅជាគោលដៅសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកសម្រាកលម្ហែកម្សាន្ត ។

លោកបានបន្តថា ចំពោះសេដ្ឋកិច្ចនៅក្នុងខេត្ត ក៏ដូចជាចំណូល ជាពិសេសជីវភាពប្រជាពលរដ្ឋនៅក្នុងខេត្តនេះ គឺស្ដែងចេញបន្ថែមទៅលើចំណុចសំខាន់ៗ ដែលបច្ចុប្បន្ននេះមិនមែនត្រឹមតែមានវិស័យទេសចរណ៍មួយមុខទេ គឺឃើញថាវិស័យឧស្សាហកម្ម ក៏បាននិងកំពុងក្លាយទៅជាចំណាប់អារម្មណ៍ខ្ពស់របស់អ្នកវិនិយោគក្នុងស្រុក ជាពិសេសក្រៅស្រុកផងដែរ ។ « ក្នុងមួយរយៈពេលចុងក្រោយនេះបើធៀបទៅនឹងស្ថិតិក៏ដូចជាព័ត៌មានផ្សេងៗពីសំណាក់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គឺឃើញថាវិនិយោគគិនបរទេសមានការចាប់អារម្មណ៍ខ្ពស់មកកាន់ប្រទេសកម្ពុជា នៅក្នុងអំឡុងពេលមានការប្រែប្រួលបញ្ហាសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចធំៗ គឺបានធ្វើឱ្យមួយផ្នែកនៃប្រទេសកម្ពុជាក្លាយទៅជាឱកាស ខណៈដែរខេត្តព្រះសីហនុគឺជាចំណុចទាក់ទាញមួយសម្រាប់វិនិយោគិនបរទេស ដែលមានបំណងក្នុងការបង្កើតរោងចក្រ សហគ្រាសផ្សេងៗ បម្រើឱ្យការអភិវឌ្ឍវិស័យឧស្សាហកម្ម រួមទាំងឧស្សាហកម្មបច្ចេកវិទ្យាផងដែរ ដែលស្របពេលនឹងដំណាក់កាលនៃការអភិវឌ្ឍវិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា ដូច្នេះទីតាំងសក្ដានុពល ភូមិសាស្ត្រ វិទ្យាសាស្ត្រ របស់ខេត្តព្រះសីហនុ គឺជាចំណុចដែលមាន ភាពទាក់ទាញនិងចាប់អារម្មណ៍ ខណៈតែបច្ចុប្បន្ននេះរដ្ឋបាលខេត្តក៏បាននិងកំពុងសម្របខ្លួន ដើម្បីទ្រទ្រង់ទៅលើវិស័យសំខាន់ៗ ដែលទាំងនេះគឺជាចំណុចដែលធ្វើឱ្យមានការកើនឡើងនូវជីវភាពនិងចំណូលសេដ្ឋកិច្ចផងដែរ » ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានបន្ថែមទៀតថា កត្តាចម្បងផ្សេងទៀតនោះ គឺការចូលរួមពីសំណាក់មន្ត្រីគ្រប់លំដាប់ថ្នាក់និងគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសស្រាក់សស្រាំ ក្នុងការបម្រើវិស័យសេវាសាធារណៈជូនប្រជាពលរដ្ឋ ថែទាំវិនិយោគិន និងជួយទ្រទ្រង់ទៅដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលនេះក៏ជាចំណុចធ្វើឱ្យមានការកើនឡើងនូវសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងខេត្ត ។ កត្តាទាំងអស់នេះហើយ បានជួយធ្វើឱ្យខេត្តព្រះសីហនុប្រែក្លាយមុខមាត់ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានលក្ខណៈស្រស់បំព្រងនិងល្អប្រសើរជាងមុនច្រើន ជាពិសេសគឺការថែរក្សាអនាម័យបរិស្ថានយ៉ាងល្អប្រសើរ តាមរយៈការយល់ដឹងនិងការចូលរួមរបស់ប្រជាពលរដ្ឋ ដែលធ្វើឱ្យខេត្តមានភាពរីកចម្រើនផងដែរ ៕