ចាប់បានជនឆបោកតាមអនឡាញ ២នាក់ ដែលបោកលុយជនរងគ្រោះបាន ១៨ម៉ឺនដុល្លា

0

ភ្នំពេញ៖ យោង​តាម​បទបញ្ជា​របស់ ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង តាម​ការ​ចង្អុល​ណែនាំ​ពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការ​រង​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភ​: ឆ្នាំ​២០២៥ នាយកដ្ឋាន​បាន​បើក​ការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​បង្ក្រាប ករណី​ឆបោក​ក្រោម​រូបភាព​បោក​បញ្ឆោត​ឱ្យ​ជន​រង​គ្រោះ​ដាក់​ប្រាក់​ដើម្បី​វិនិយោគ ដោយ​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ក្នុង​រយៈពេល​ខ្លី ដោយ​ជនល្មើស​បាន​បង្កើត​គណនី​តេ​ឡេ​ក្រាម​ក្លែងក្លាយ​ដែល​បាន​ដាក់​ឈ្មោះ​បន្លំ​ដូច​ទៅ​នឹង​Channel Telegram ផ្លូវការ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ធ្វើ​អោយ​មានការ​ជឿជាក់​និង​ដាក់​ប្រាក់​វិនិយោគ​។

ដោយ​មានការ​សម្របសម្រួល​ពី​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នាយកដ្ឋាន​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ស្រី​១​នាក់ ជនសង្ស័យ​ទី​១​ឈ្មោះ ក​.​ស​.​ន ភេទ​ស្រី មុខរបរ ធ្វើការ​នៅ​ហាង​កែស​ម្ភ​ស្ស ជនសង្ស័យ​ទី​២​ឈ្មោះ ប​.​ត​.​ម ភេទ​ប្រុស មុខរបរ សន្តិសុខ​ចំណតរថយន្ត នៅ​ផ្សារ​ទំនើប​។ តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច បាន​រក​ឃើញ​ថា ជនសង្ស័យ​ទាំង​២ បាន​ឆបោក​ប្រាក់​ជន​រង​គ្រោះ​ប្រហែល​ជាង ១៨​ម៉ឺន​ដុល្លា​សហរដ្ឋអាមេរិក​។
បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ត្រូវ​បាន​នាយកដ្ឋាន កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

នាយកដ្ឋាន សូម​ក្រើនរំលឹក​ដល់​សារ​ធារ​ណ​ជន​ទាំងអស់ សូម​ប្រុង​ប្រយ័ត្ន មុន​នឹង​សម្រេចចិត្ត​ដាក់​ប្រាក់​វិនិយោគ​តាម​ប្រព័ន្ធ​អន​ឡាញ និង​សូម​ពិនិត្យ​ពិចារណា​ប្រភព​នៃ​ការ​ផ្សព្វផ្សាយ​អំពី​ការ​វិនិយោគ​តាម​អន​ឡាញ​ផ្សេង​ៗ​អោយ​បាន​ហ្មត់ចត់​ជា​មុន ចៀសវាង​ការ​ខាតបង់​ផលប្រយោជន៍ និង​ទ្រព្យសម្បត្តិ​ដោយ​ប្រការ​ណាមួយ​៕