ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន បន្តកើន ពី១,៤ពាន់លានដុល្លារនៅឆ្នាំ២០១៧ ដល់ ២,២ពាន់លានដុល្លារ នៅឆ្នាំ២០២៤

0

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងអំពីការចូលរួមយ៉ាងសកម្មរបស់ជប៉ុនក្នុងដំណើការអភិវឌ្ឍប្រទេសកម្ពុជា ចាប់តាំងពីទស្សវត្សទី៩០ ដែលជប៉ុនបានដើរតួយ៉ាងសំខាន់ក្នុងការកសាងសន្តិភាព ការរក្សាសន្តិភាព ការស្ដារឡើងវិញនីតិសម្បទា និងការអភិវឌ្ឍ ហើយមកទល់ពេលនេះ ជប៉ុននៅតែបន្តផ្ដល់នូវជំនួយមកកម្ពុជាក្នុងវិស័យជាច្រើន សម្រាប់គាំទ្រដល់កំណើនសេដ្ឋកិច្ចនិងការវិវត្តសង្គម តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដូចជាស្ពាន ផ្លូវ កំពង់ផែ ការអភិវឌ្ឍធនធានមនុស្ស សុខាភិបាល ការពង្រឹងស្ថាប័នសាធារណៈ និងការកែទម្រង់ច្បាប់ ជាដើម។

នៅក្នុងពិធីអបអរសាទរ «ពិធីចម្រើនព្រះជន្ម៦៥ព្រះវស្សា របស់ព្រះករុណា ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ (NARUHITO)» ដែលជាពិធីបុណ្យជាតិជប៉ុន រៀបចំឡើងនៅស្ថានទូតជប៉ុនប្រចាំកម្ពុជា នាល្ងាចថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានគូសរំលេចថា ជប៉ុនបាននិងកំពុងក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់កម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈការបន្តកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគីសរុប ពី១,៤ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០១៧ ដល់ ២,២ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៤។

តាមឯកឧត្តម ឧបនាយករដ្ឋមន្រ្តីប្រចាំការ ជប៉ុនបានវិនិយោគលើវិស័យឧស្សាហកម្ម កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដែលបានចូលរួមជាវិជ្ជមានដល់ដំណើរអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការបង្កើតការងាររាប់ពាន់កន្លែង ការបណ្ដុះបណ្ដាលជំនាញនិងផ្ទេរបច្ចេកវិទ្យា ដែលជាការរួមចំណែកជួយពង្រឹងភាពប្រកួតប្រជែងឧស្សាហកម្ម និងផលិតភាពការងាររបស់កម្ពុជា។ ជាក់ស្តែង មានក្រុមហ៊ុនជប៉ុនល្បីៗដូចជា Minebea, AEON និង Toyota បាននិងកំពុងដំណើរការយ៉ាងល្អប្រសើរនៅកម្ពុជា។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងទៀតថា ក្នុងបរិការណ៍ដែលពិភពលោកកំពុងប្រឈមនឹងការកើនឡើងនូវភាពមិនប្រកដប្រជា និងការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនៃភូមិសាស្ត្រនយោបាយ កម្ពុជានិងជប៉ុនបានបង្ហាញនូវការប្ដេជ្ញាចិត្តឥតងាករេ ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍នៃ សន្តិភាព, ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការរក្សាសណ្ដាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់។ សំខាន់ជាងនេះទៅទៀត ប្រទេសទាំងពីរក៏បង្ហាញនូវគុណតម្លៃរួមគ្នា និងចក្ខុវិស័យរួម សម្រាប់ស្ថិរភាពក្នុងតំបន់និងពិភពលោក ហើយយើងនឹងបន្តធ្វើការរួមគ្នា ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នៃសេដ្ឋកិច្ច៕