ក្រុមហ៊ុន Starlink – SpaceX ថា កម្ពុជាជាគោលដៅអាទិភាពមួយ ក្នុងចំណោមគោលដៅវិនិយោគរបស់ក្រុមហ៊ុនខ្លួនក្នុងឆ្នាំ២០២៥

0

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអនុញ្ញាតឱ្យ លោកស្រី Rebecca Hunter នាយិកាផ្នែកទីផ្សារនៃក្រុមហ៊ុន Starlink – SpaceX និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ បន្ទាប់ពីគណៈប្រតិភូលោកស្រីបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារកាលពីព្រឹកមិញនេះ។

ក្នុងជំនួបនារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកស្រីនាយិកាផ្នែកទីផ្សារបានជម្រាប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឱ្យបានជ្រាបថា ទស្សនកិច្ចមកកម្ពុជានាឱកាសនេះ ក្រុមហ៊ុន Starlink – SpaceX បានកំណត់ទិសដៅក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការស្នើសុំជួបជែកពិភាក្សាជាមួយប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៅតាមបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងសិក្សាស្វែងយល់បន្ថែមអំពីបច្ចុប្បន្នភាព និងបរិយាកាសនៃការវិនិយោគលើការធ្វើទំនើបកម្មបច្ចេកវិទ្យា ដើម្បីបានជាមូលដ្ឋានក្នុងការពិនិត្យលទ្ធភាព និងឱកាសក្នុងការវិនិយោគ។

លោកស្រីក៏បានបន្ថែមថា កម្ពុជា គឺជាគោលដៅអាទិភាពមួយក្នុងចំណោមគោលដៅវិនិយោគរបស់ក្រុមហ៊ុនខ្លួននៅក្នុងឆ្នាំ២០២៥ នេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍ និងក្ដីសោមនស្សរីករាយចំពោះក្រុមហ៊ុន ដែលមានចំណាប់អារម្មណ៍លើកម្ពុជា ក្នុងការជ្រើសរើសជាទីតាំងស្វែងរកឱកាសវិនិយោគនៅក្នុងផែនការរបស់ខ្លួន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមអំពី ការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ដែលជាអាទិភាពគន្លឹះមួយ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា នាពេលបច្ចុប្បន្នផងដែរ។

គួររម្លឹកដែរថា៖ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន SpaceX ដែលមានទីតាំងស្ថិតក្នុងតំបន់ Hawthorne ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីទំនើបកម្មបច្ចេកវិទ្យាទំនើបថ្មីៗ ប្រព័ន្ធប្រតិបត្តិការផ្កាយរណប ក៏ដូចជារបៀបរបបនៃការបង្កើនប្រសិទ្ធភាពការងារ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗជាច្រើនរបស់ក្រុមហ៊ុន ជាពិសេស ប្រតិបត្តិការក្រុមផ្កាយរណប Starlink ជាដើម៕