អ្នកជំនាញដែលកំពុងប្រកបរបរចិញ្ចឹមក្រួចក្នុងក្រុងកំពត បានធ្វើការចែករំលែកនូវបទពិសោធន៍ចិញ្ចឹម និងអំពាវនាវដល់ប្រជាពលរដ្ឋឱ្យនាំគ្នាចិញ្ចឹមពពួកសត្វសម្រាប់ធ្វើម្ហូបមួយប្រភេទនេះ ព្រោះតែមានទីផ្សារល្អ ខណ:ការផ្គត់ផ្គង់នៅមិនទាន់គ្រប់គ្រាន់តាមតម្រូវការនោះ។
លោក ឃុត ស្សាវរីយ៍ ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វក្រួច ស្ថិតនៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត បានអំពាវនាដល់ប្រជាកសិករគួរនាំគ្នាងាកមកចិញ្ចឹមក្រួចដ្បិតកំពុងមានទីផ្សារល្អ។ ក្រួចដែលលោកចិញ្ចឹមជាប្រភេទពូជអ៊ីតាលី គឺចិញ្ចឹមសម្រាប់យកសាច់ចំនួន ៥ទ្រុង ក្នុងមួយទ្រុងៗមាន ២.០០០ក្បាល ដោយដាក់កូនមុនក្រោយគ្នាចន្លោះមួយសប្តាហ៍ដើម្បីបានចាប់បន្តបន្ទាប់ និងមួយទ្រុងទៀតសម្រាប់យកស៊ុតភ្ញាស់កូន។ ម្ចាស់កសិដ្ឋានដដែលបានបញ្ជាក់ថា បច្ចុប្បន្ន ការផ្គត់ផ្គង់មិនទាន់បានគ្រប់ចំនួននៅឡើយ ព្រោះភ្ញៀវស្ទើរគ្រប់ខេត្តតែងទំនាក់ទំនងបញ្ជាទិញ ពិសេសរដូវកាលការ បុណ្យមានតម្រូវការច្រើន។ ដូច្នេះ លោកចាំបាច់ត្រូវតែបង្កើនចំនួនទ្រុង ឬឈានទៅសង់រោងបន្ថែមទៀត។ ហើយចំពោះបងប្អូនប្រជាពលរដ្ឋដែលត្រូវការពូជយកទៅចិញ្ចឹមអាចទំនាក់ទំនងតាមលេខទូរសព្ទ ០១៦ ៨៨៦ ១៤៦។
លោក ឃុត ស្សាវរីយ៍ បានរម្លឹកថា លោកចេះចិញ្ចឹមហាក់ដូចជាក្នុងភាពចៃដន្យ ពោលគឺកាលពីជិត ២០ឆ្នាំមុន មិត្តភក្តិរបស់លោកដែលរស់នៅក្នុងខេត្តបាត់ដំបងបានទូរសព្ទមក ហើយលោកក៏បានឮសំឡេងសត្វក្រួចយំទើបដឹងថាមិត្តភក្តិចិញ្ចឹមសត្វនេះ។ ម្ល៉ោះហើយ លោកចំណាយពេល ៣ថ្ងៃទៅមើល និងសួរនាំ រួចក៏ចាប់ផ្តើមចិញ្ចឹម ហើយកែច្នៃនូវរបៀបធ្វើទ្រុង ថែទាំពីពេលនោះមក។ លោកបានបន្តថា ដំបូងការចិញ្ចឹមក្រួចក៏មានការភ្លាំងភ្លាត់ខ្លះដោយសារជំងឺ ព្រោះតែការគិតគូរអំពីអនាម័យមិនបានល្អិតល្អន់ តែមកដល់ពេលនេះលោកមានបទពិសោធន៍គ្រប់គ្រាន់អស់មានអ្វីត្រូវព្រួយបារម្ភទៀតហើយ ម្យ៉ាងសត្វក្រួចប្រឈមនឹងបញ្ហាខ្លាំងជាមួយអាកាសធាតុត្រជាក់។
អ្នកចិញ្ចឹមក្រួចដដែលបានរៀបរាប់ថា ជាធម្មតា ក្រួចញាស់ក្រោយដាក់ចូលទូ១៦ថ្ងៃ។ បន្ទាប់មកត្រូវយកកូនដាក់ចូលបន្ទប់កូនតូចរយៈពេល ៦ថ្ងៃ ក៏បន្តចាប់ដាក់ចូលបន្ទប់ក្រួចធំ ៦ថ្ងៃទៀតទើបចាប់ដាក់លើទ្រុងខ្ពស់ផុតពីដី។ និយាយរួម ពីកូនញាស់រហូតដល់ចាប់លក់មានរយ:ពេលប្រហែលមួយខែ ដោយមួយគីឡូក្រាមមានក្រួច ៤ ឬ៥ក្បាល រីឯតម្លៃលក់ចេញវិញគឺ១៥.០០០រៀលក្នុងមួយគីឡូក្រាម៕