សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសលើកទឹកចិត្តឱ្យប្រជាពលរដ្ឋគ្រប់រូបត្រូវតែហ៊ានរាយការណ៍ចំពោះគ្រូពេទ្យណាដែលមិនអើពើក្នុងការពិនិត្យ និងផ្តល់សេវាព្យាបាលដល់ប្រជាពលរដ្ឋ អ្នកជំងឺដែលមានបណ្ណសមធម៌ និងបណ្ណ ប.ស.ស។
ថ្លែងក្នុងពិធី “បើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥” នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឱ្យដឹងថា ក្រសួងសុខាភិបាលត្រូវធានាចំពោះពលរដ្ឋគ្រប់រូប ទាំងពលរដ្ឋដែលប្រើបណ្ណសមធម៌ បណ្ណងាយរងហានិភ័យ ឬបណ្ណ ប.ស.ស ត្រូវទទួលបានទាន់ពេលនូវសេវាសុខាភិបាលដើម្បីចៀសវាងការថ្នាំងថ្នាក់ពីសំណាក់ប្រជាពលរដ្ឋដែលបានអនុវត្តន៍គោលនយោបាយអាទិភាពចំពោះវិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាល។
សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ត្រង់ចំណុចនេះខ្ញុំសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋត្រូវហ៊ានរាយការណ៍ករណីគ្រូពេទ្យរូបណាដែរមិនបានយកចិត្តទុកដាក់ចំពោះខ្លួន ឬអ្នកប្រើប្រាស់បណ្ណសមធម៌ បណ្ណ ប.ស.ស ដើម្បីទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺ។ ចំណុចនេះ ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ ក៏ដូចជាឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចហើយ»។
សម្តេចធិបតីបានបន្ថែមថា តម្លៃកម្មវិធីគាំពារសង្គមមិនមែនស្ថិតនៅលើទិន្នន័យ ឬតម្លៃចំនួនថវិកាយឺតយ៉ាវនេះទេ ហើយតម្លៃពិតប្រាកដ គឺប្រជាពលរដ្ឋដែលជាអ្នកទទួលបានផល និងជាអ្នកផ្តល់ឱ្យ ហើយការគិតគូរពីគុណភាពសេវាព្យាបាលជាការចាំបាច់ ទាំងថ្នាំ ទាំងឧបករណ៍ ទាំងកន្លែងព្យាបាលត្រូវមាន។ សម្ដេចធិបតីបានលើកឡើងថា ចំពោះតម្លៃត្រូវមិនមែនត្រឹមកញ្ចប់ថវិកាទេ គឺនៅពេលប្រជាពលរដ្ឋទៅព្យាបាលត្រូវទទួលបានសេវាទាន់ពេលវេលា មានការយកចិត្តទុកដាក់ ដែលចំណុចនេះគឺត្រូវតែយកចិត្តទុកដាក់យ៉ាងសំខាន់។
សម្តេចធិបតីនាយករដ្ឋមន្រ្ដីក៏បានលើកឡើងទៀតថា ចំពោះការផ្តល់បណ្ណសមធម៌ត្រូវ តែធ្វើឱ្យបានហ្មត់ចត់ មានតម្លាភាព ដោយកុំឱ្យមានករណីទៅព្យាបាលផង តែធ្វើបណ្ណសមធម៌ ដើម្បីទទួលបានលុយគឺអត់មានទេ។ លើសពីនេះ ត្រូវតែអនុវត្តន៍ឱ្យតឹងរឹងចំពោះអ្នកដែលមិនបានអនុវត្តន៍តាមគោលការណ៍ ឬអ្នកមានការគេងបន្លំតាមរូបភាពណាមួយ។
សម្តេចធិបតីបានសង្កត់ធ្ងន់ថា៖ «លុយសម្រាប់ជួយប្រជាពលរដ្ឋ ហើយសម្រាប់ត្រៀមបម្រុងជួយប្រជាពលរដ្ឋនៅពេលជួបការលំបាក ហើយបើសិនមូលដ្ឋាន ឬដៃគូណាមិនអនុវត្តន៍គឺត្រូវចាត់វិធានការឱ្យតឹងរឹងតែម្តង។ យើងត្រូវទទួលស្គាល់១ដុល្លារសម្រាប់មនុស្សម្នាក់ សម្រាប់ស្ត្រី… ការបើកឱ្យចូលរួមនូវវិស័យឯកជនគឺជាកិច្ចការចាំបាច់»។
ក្នុងឱកាសនោះដែរ សម្តេចបវរធិបតីបានបន្ថែមទៀតថា ត្រូវគ្រប់គ្រងថវិកាត្រូវរៀបចំឱ្យចំគោលដៅ ហើយធានាឱ្យមានប្រសិទ្ធភាព មិនថាគ្រឹះស្ថានរដ្ឋ ឬគ្រឹះស្ថានឯកជននោះទេ។ ដូច្នេះខ្ញុំសូមអំពាវនាវដល់តួអង្គដែលពាក់ព័ន្ធទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ តម្លាភាព និងការប្រព្រឹត្តឱ្យបានត្រឹមត្រូវ ដើម្បីធ្វើយ៉ាងណាធានាការជួយដល់ប្រជាពលរដ្ឋរបស់យើងបានដោយចីរភាព៕