សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រុមប្រឹក្សាជាតិគាំពារសង្គម បន្តរៀបចំសប្តាហ៍គាំពារសង្គមកម្ពុជានៅឆ្នាំជាបន្តបន្ទាប់ទៀត

0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានលើកទឹកចិត្តក្រុមប្រឹក្សាជាតិគាំពារសង្គមឱ្យបន្តរៀបចំសប្តាហ៍គាំពារសង្គមកម្ពុជានៅឆ្នាំជាបន្តបន្ទាប់ទៀត ដោយបង្កើតឱ្យមានកិច្ចពិភាក្សា និងការផ្សព្វផ្សាយអំពីប្រព័ន្ធគាំពារសង្គមរបស់កម្ពុជាឱ្យបានទូលំទូលាយរហូតអាចដល់កម្រិតតំបន់ថែមទៀត ហើយក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហការខ្ពស់ ដើម្បីរួមគ្នាសម្រេច ឱ្យបាននូវគោលនយោបាយអាទិភាពទាំង៣ ដែលពាក់ព័ន្ធនឹងប្រព័ន្ធគាំពារសង្គម ក្នុងចំណោមអាទិភាព ទាំង៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីបើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អាទិភាពគោលនយោបាយចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់នីតិកាល គឺការរក្សាឱ្យខាងតែបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញ ដែលជាបុរេលក្ខខណ្ឌសម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេស។ ជាក់ស្តែង កម្ពុជាបាន និងកំពុងទទួលផ្លែផ្កាពីសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលធ្វើឱ្យកម្ពុជាអាចរក្សា បាននូវកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ប្រមាណ៦ភាគរយ ក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយនេះ បើទោះបីជាបានរងកម្មវិបាកអវិជ្ជមានពីវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិផ្សេងៗទៀតនាពេលកន្លងទៅក៏ដោយ ដែលការរក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងកម្រិតនេះបានប្រែក្លាយកម្ពុជា ជាប្រទេសដែលមាន ចំណូលមធ្យមកម្រិតទាបតាំងពីឆ្នាំ២០១៥មក។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ទៀតថា ផ្លែផ្កានៃកំណើនសេដ្ឋកិច្ចនេះ ត្រូវបានបែងចែកដោយសមធម៌ តាមរយៈការវិនិយោគលើវិស័យសុខាភិបាល វិស័យអប់រំ ជាពិសេសប្រព័ន្ធគាំពារសង្គមដែល រាជរដ្ឋាភិបាលបានទទួលស្គាល់ថា ការវិនិយោគនេះបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការកសាងសង្គមមួយប្រកបដោយសមធម៌ ភាពសុខដុម និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់យើង ដែលជាលទ្ធផលផលិតផលក្នុងស្រុកសម្រាប់មនុស្សម្នាក់បានកើនឡើងជិត៩ដង គឺប្រមាណពី ៣១០ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០០០ រហូតដល់ប្រមាណ ២ ៧១៣ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤ ស្របពេលដែលអត្រានៃភាពក្រីក្របានធ្លាក់ចុះជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបន្ដទៀតថា ជារួមផ្លែផ្កានៃកំណើនសេដ្ឋកិច្ច សុខសន្តិភាពពេញបរិបូរណ៍ និងស្ថិរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់មិនអាចខ្វះបាន ដែលអនុញ្ញាតិឱ្យយើងអាចដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រ ក៏ដូចជាការអនុវត្តនូវការងារកំណែទម្រង់សំខាន់ៗ ដើម្បីស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិរបស់យើងដោយសម្រេចបាននូវលទ្ធផលជាទីមោទនៈ។

សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានបន្ថែមថា កន្លងមករាជរដ្ឋាភិបាលបានអនុវត្តន៍នូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់នៅ ក្នុងការកសាង និងអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គមឱ្យមានសង្គតភាព ប្រសិទ្ធភាព ចីរភាព និងបរិយាបន្នដូចសព្វថ្ងៃ។ សូមជម្រាបជូនថា សប្តាហ៍គាំពារសង្គមកម្ពុជា គឺជាវេទិកាមួយដែលផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធ ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនវិស័យ គោលនយោបាយ ចែករំលែកចំណេះដឹង បទពិសោធន៍ និងឧត្តមានុវត្តន៍នៃគោលនយោបាយគាំពារសង្គមពីប្រទេសផ្សេងៗទាំងក្នុងតំបន់ និងលើសកលលោក ជាពិសេស ដើម្បីផ្សព្វផ្សាយពីវឌ្ឍនភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជាដល់អ្នកទទួលផល និងសាធារណជនឱ្យបានជ្រាបកាន់តែច្បាស់បន្ថែមទៀត៕