សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការប្រកាសបើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ មិនមែនរដ្ឋាភិបាល ទើបតែចាប់ផ្តើមអនុវត្ត ឬពលរដ្ឋទើបតែទទួលបានផលនោះដែរ ពោលគឺចាប់តាំងពីឆ្នាំ២០១៧ ពលរដ្ឋប្រមាណជាង៧លាននាក់ បានទទួលផលរួចមកហើយ តាមរយៈកិច្ចគាំពាសង្គមនានា ។
ថ្លែងនៅក្នុងពិធី «បើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា សុខភាព ជីវភាព ជីវិត ការរស់នៅ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ នៅតែជាអាទិភាពចម្បងរបស់រដ្ឋាភិបាល ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ដែរថា ក្នុងនោះអ្វីដែលរាជរដ្ឋាភិបាល បាននិងកំពុងអនុវត្ត ក៏បានលេចចេញជារូបរាងជាបន្តបន្ទាប់ ដោយមិនមែនមានតែការនិយាយ ឬគ្រាន់តែជាទ្រឹស្តីនោះទេ តែជាក់ស្តែងរាជរដ្ឋាភិបាល បានបន្តធ្វើ ហើយបានរុញដល់ប្រជាពលរដ្ឋ ឱ្យទទួលបាននូវអត្ថប្រយោជន៍នានា ពីកិច្ចការងារគាំពាសង្គមនេះរួចរាល់ហើយដែរ ។
សម្តេចធិបតី មានប្រសាសន៍ថា “ការប្រកាសនូវសប្តាហ៍គាំពារសង្គម មិនបាននិយាយថាខ្ញុំនឹងចាប់ផ្តើមនោះទេ អត់ទេ ៧លាន៦សែននាក់ បានទទួលផលរួចទៅហើយ តាំងពី២០១៧មក ហើយយើងនិងបន្តធ្វើទៅទៀត នេះគឺជាអ្វីដែលជាការធ្វើជាក់ស្តែងរបស់ប្រជាជន រវាងអ្នកថា និងអ្នកធ្វើ អ្នកថាថាទៀតចុះ អ្នកធ្វើនៅតែបន្តធ្វើ ធ្វើនៅក្នុងទិសដៅដើម្បីបម្រើប្រជាពលរដ្ឋ ដើម្បីផ្តល់សេវាពិតប្រាកដឱ្យប្រជាពលរដ្ឋ យើងអត់មានពេលទៅភូតគាត់ទេ យើងអត់មានពេលនិយាយ ដោយស្រមើស្រមៃទេ ត្រូវតែបង្ហាញការពិត និងលទ្ធផលជាក់ស្តែងជូនប្រជាពលរដ្ឋ ហើយនេះជាកាតព្វកិច្ចរបស់យើង ដែលប្រជាពលរដ្ឋ បានផ្តល់ការទុកចិត្ត ឱ្យរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីបម្រើគាត់ យើងត្រូវតែឆ្លើយតបទៅតាមកិច្ចការងារនេះ” ។
សូមបញ្ជាក់ថា សប្តាហ៍គាំពារសង្គម គឺជាវេទិកាមួយដែលផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធ ដើម្បីពិភាក្សា និង ផ្លាស់ប្តូរទស្សនវិស័យ, គោលនយោបាយ, ចែករំលែកចំណេះដឹង, បទពិសោធ, និង ឧត្តមានុវត្តន៍នៃគោលនយោបាយគាំពារសង្គម ពីប្រទេសផ្សេងៗ, ទាំងក្នុងតំបន់ និងលើសកលលោក, ជាពិសេស ដើម្បីផ្សព្វផ្សាយពីវឌ្ឍនភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា ដល់អ្នកទទួលផល និងសាធារណជន ឱ្យបានជ្រាបកាន់តែច្បាស់ ។ ក្នុងនោះគិតចាប់តាំងពីឆ្នាំ ២០១៧ មក, រាជរដ្ឋាភិបាល បានសម្រេចសមិទ្ធផលជាច្រើន លើការអនុវត្ត និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដើម្បីផ្តល់ការគាំពារដល់ពលរដ្ឋ តាមរយៈការពង្រីកវិសាលភាពកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ដែលមានស្រាប់ និង ការដាក់ចេញ នូវកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គមថ្មីៗជាបន្តបន្ទាប់ ក្នុងទិដ្ឋភាពចំនួន ២ រួមមាន៖ ១. ទិដ្ឋភាពជំនួយសង្គម និង២. ទិដ្ឋភាពសន្តិសុខសង្គម៕