អាជ្ញាធរខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា និងខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ បាន និងកំពុងបន្តជំរុញបង្កើនរឹតចំណងពង្រឹងទំនាក់ទំនងឱ្យបានជិតស្និទ្ធលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការភាពជាដៃគូលើការអភិវឌ្ឍវិស័យសុខាភិបាល។
ថ្លែងក្នុងកិច្ចប្រជុំស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូលើការអភិវឌ្ឍលើវិស័យសុខាភិបាល រវាងខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្តទាំង២ និងមន្ត្រីសុខាភិបាលខ្មែរ និងថៃពាក់ព័ន្ធជាច្រើននាក់ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យតំណាងរដ្ឋបាលខេត្ត បានបង្ហាញការប្តេជ្ញាពង្រឹងទំនាក់ទំនងឱ្យបានជិតស្និទ្ធលើគ្រប់វិស័យ ពិសេសសុខាភិបាលរវាងខេត្តទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំង២ ខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ឱ្យកាន់តែល្អប្រសើរ និងអភិវឌ្ឍប្រកបដោយចីរភាព។
ជាមួយនោះដែរ លោក ឆាវ៉ា ណេត យីមប្រាសឺត (Chawwanate Yimprasert) អភិបាលរងខេត្តស្រះកែវ បានលើកឡើងថា ការពង្រឹងធនធានមនុស្សវិស័យសុខាភិបាលនេះមានសារៈសំខាន់ណាស់ ក្នុងការផ្តល់សេវា ការថែទាំ និងការគ្រប់គ្រងជំងឺឆ្លង ព្រមទាំងការបណ្ដុះបណ្ដាលគ្រូបង្គោល ធ្វើឱ្យប្រសើរឡើងតាមប្រព័ន្ធបញ្ជូនជំងឺពី ខ្មែរ ទៅថៃ ជាសម្ព័ន្ធមេត្រីភាព បង្កើតមន្ទីរពេទ្យ ភាគីទាំងពីរ បានព្រមព្រៀងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដោយពន្លឿនការអនុវត្តសកម្មភាពនានាដូចជា យុទ្ធសាស្ត្រសុខាភិបាលតែមួយ យន្តការសហប្រតិបត្តិការ ក្នុងការពង្រឹងសមត្ថភាពនៅតាមបណ្តាច្រកព្រំដែន កិច្ចសហប្រតិបត្តិការ មន្ទីរពេទ្យសម្ព័ន្ធមេត្រីភាព និងយន្តការនៃការឆ្លើយតបគ្រោះអាសន្ន រួមទាំងនិយ័តកម្មសុខភាព ពង្រឹងសមត្ថភាពលើការ ត្រួតពិនិត្យជំងឺឆ្លងតាមរយៈការចែករំលែកព័ត៌មានដោយប្រើបច្ចេកវិទ្យាថ្មីសមរម្យ។
ក្នុងកិច្ចប្រជុំនោះ អាជ្ញាធរខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ បានទទួលស្គាល់អំពីសមិទ្ធផលរវាងកិច្ចសហប្រតិបត្តិការ ក្នុងនោះ ការពង្រឹងសមត្ថភាព ការចែករំលែកព័ត៌មាន ចំណេះដឹងបទពិសោធន៍ ការអនុវត្តល្អៗ និងមេរៀនដែលជាបទពិសោធន៍ទាក់ទងទៅនឹងជំងឺឆ្លង ជំងឺដែលបានលេចឡើងថ្មី និងលេចឡើងវិញ រវាងខេត្តដែលនៅជាប់ព្រំដែន ដើម្បីធ្វើការឆ្លើយតបបន្ទាន់ផ្នែកសុខភាពសាធារណៈតាមបណ្តាច្រកព្រំដែន និងការលើកកម្ពស់យុទ្ធសាស្ត្រសុខាភិបាលតែមួយ ការពង្រឹងសមត្ថភាពបុគ្គលិកវេជ្ជសាស្រ្ត និងសុខភាពសាធារណៈ ជាដើម។ ភាគីទាំងពីរ បានព្រមព្រៀងបន្តពិភាក្សាលើកិច្ចសហប្រតិបត្តិការផ្នែកផ្សេងៗទៀត និងពង្រីកវិសាលភាពខេត្តគោលដៅផងដែរ៕