ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) កម្ពុជាបានស្នើឱ្យអង្គការសុខភាពពិភពលោកបន្តគាំទ្រដល់កម្ពុជាលើសកម្មភាពមួយចំនួន ដើម្បីសម្រេចបានតាមផែនការជាតិរបស់កម្ពុជា លើការកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន៥០% ត្រឹមឆ្នាំ២០៣០ និងពង្រឹងកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅគ្រប់វិស័យពាក់ព័ន្ធក្នុងប្រទេសកម្ពុជា។
សំណូមពរនេះបានលើកឡើងនៅក្នុងជួបប្រជុំទ្វេភាគីជាមួយលោកបណ្ឌិត Etienne Krug ប្រធាននាយកដ្ឋានសុខភាពសង្គម នៃអង្គការសុខភាពពិភពលោកកាលពីព្រឹកថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នៅទីក្រុងម៉ារ៉ាកេស ប្រទេសម៉ារ៉ុកទីដែលឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមក្នុងសន្និសីទសកលថ្នាក់រដ្ឋមន្ត្រីស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី៤។
ប្រភពក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា កាលពីព្រឹកថ្ងៃពុធ ទី១៩ ខែកុម្ភៈ នៅទីក្រុងម៉ារ៉ាកេស បន្ទាប់ពីជំនួបទ្វេភាគីជាមួយ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន និងឡូជីស្ទីក នៃប្រទេសម៉ារ៉ុក ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានបន្តជួបប្រជុំទ្វេភាគីជាមួយលោកបណ្ឌិត Etienne Krug ប្រធាននាយកដ្ឋានសុខភាពសង្គម នៃអង្គការសុខភាពពិភពលោក ។
នៅក្នុងជំនួបកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រធានគណៈប្រតិភូកម្ពុជា និងតំណាងអង្គការសុខភាពពិភពលោក បានពិភាក្សាការងារលើចំណុចមួយចំនួនក្នុងនោះ ៖ ១.ការរៀបចំសួនសុវត្ថិភាពចរាចរណ៍នៅព្រះរាជាណាចក្រកម្ពុជា និង ២. ការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់សាធារណជន និងការពង្រឹងការរៀបចំតំបន់សុវត្ថិភាពចរាចរណ៍នៅតាមសាលារៀន (Safe school Zones)។
តាមរយៈកិច្ចពិភាក្សានេះ ភាគីកម្ពុជាបានស្នើឱ្យអង្គការសុខភាពពិភពលោកបន្តគាំទ្រដល់កម្ពុជាលើសកម្មភាពមួយចំនួន ដើម្បីសម្រេចបានតាមផែនការជាតិរបស់កម្ពុជា លើការកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន៥០% ត្រឹមឆ្នាំ២០៣០ និងពង្រឹងកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់សុវត្ថិភាពចរាចរណ៍នៅគ្រប់វិស័យពាក់ព័ន្ធក្នុងប្រទេសកម្ពុជា៕