នៅរសៀលថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅព្រលានយន្តហោះអន្តរជាតិ Western Sydney ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦ ខាងមុខនេះ។ ព្រលានយន្តហោះថ្មីនេះ នឹងបង្កើនការតភ្ជាប់ដែលអាចបម្រើដល់អ្នកធ្វើដំណើរប្រមាណ១០លាននាក់ក្នុងមួយឆ្នាំ។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកជំទាវរដ្ឋមន្រ្តីក៏បានជួបពិភាក្សាការងារជាមួយលោកស្រី Alison Webster នាយកប្រតិបត្តិផ្នែកពាណិជ្ជកម្ម និងយុទ្ធសាស្រ្ត ដើម្បីសិក្សាស្វែងយល់បន្ថែមពីដំណើរការនៃការគ្រប់គ្រងព្រលានយន្តហោះដោយប្រើប្រាស់បច្ចេកវិទ្យា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ការផ្សព្វផ្សាយផលិតផលកម្ពុជា ព្រមទាំងការហោះហើរត្រង់កម្ពុជា-ស៊ីដនី ដើម្បីជំរុញដល់វិស័យធុរកិច្ចប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕