សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ប្រទេសជាតិត្រូវតែមានការអភិវឌ្ឍជាប្រចាំដើម្បីធ្វើការប្រកួតប្រជែងគ្នា

0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ប្រទេសយើងត្រូវតែមានការអភិវឌ្ឍជាប្រចាំដើម្បីធ្វើការប្រកួតប្រជែងគ្នា បើមិនដូច្នេះទេប្រទេសអាចនឹងក្លាយជារបស់ហួសសុពលភាព ឬហួសដឺឡេ។ ការគូសបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ជាក់ការសិក្សានៅសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «ការជោគជ័យមានការប្រែប្រួល ហើយចំពោះ ប្រទេសក៏មានការប្រែប្រួលដែរ។ ដូច្នេះ បើធានា និងប្រកួតប្រជែងយើងត្រូវការអភិវឌ្ឍជាប្រចាំ បើមិនដូច្នេះទេវានឹងក្លាយជារបស់ហួសដឺឡេជាមិនខាន»។

សម្តេចធិបតីនាយករដ្ឋមន្រ្ដីក៏បានលើកឡើងពីក្រុមហ៊ុនកុំព្យូទ័រមួយមានឈ្មោះថា IBM មានភាពល្បីល្បាយ ប៉ុន្តែមកដល់ពេលនេះក្រុមហ៊ុននេះបានបាត់ឈ្មោះហើយ តែទៅបង្កើតឈ្មោះ ដោយគុណភាពនៅតែល្អដូចឈ្មោះដើមអីចឹង។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបន្ដថា បច្ចេកវិទ្យាមានភាពជឿនលឿនឆាប់រហ័ស ដូច្នេះ យើងចាំបាច់ត្រូវតែមានមនុស្ស មានការអភិវឌ្ឍ បើមិនដូច្នេះទេយើងគ្មានធនធាន មនុស្សប្រើប្រាស់បច្ចេកវិទ្យានោះទេ។

សម្តេចបធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា៖ «បញ្ហាធនធានមនុស្សសំខាន់ណាស់ សម្រាប់ធ្វើការប្រកួតប្រជែង ឬប្រើប្រាស់បច្ចេកទេសទំនើបសម្រាប់ប្រកួតប្រជែងជាមួយគេបាននោះទេ»។

ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីការបំពាក់បច្ចេកវិទ្យានៅតាមមន្ទីរពទ្យបង្អែកខេត្ត ដែលការដាក់នេះចាំបាច់ត្រូវមានអ្នកជំនាញក្នុងការគ្រប់គ្រងផងដែរ៕