នៅវេលាម៉ោង០៦និង០០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ សោម សុផល ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូចំនួន០១គ្រឿង ម៉ាកយ៉ាម៉ាហាជីធី ពណ៌ខ្មៅ កាលពីវេលាម៉ោង០៤ និង៣០នាទីទាបភ្លឺ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង០៩ និង០០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ១-ឈ្មោះសេង ប៊ុនធៀង ភេទប្រុស អាយុ២០ឆ្នាំ, ២-ឈ្មោះយ៉េន ភារ៉ា (ចាន់រ៉ា)ភេទប្រុស អាយុ២៩ឆ្នាំ,៣-ឈ្មោះ ទិន ចន្ទ្រា(ថា) ភេទប្រុស អាយុ១៧ឆ្នាំ នៅចំណុចផ្សារទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រួមទាំងដកហូតវត្ថុតាង ១.កូនសោរម៉ូតូចម្លង ចំនួន០១ដើម, ២.ម៉ូតូម៉ាកYAMAHA ពណ៌ខ្មៅ ចំនួន០១គ្រឿង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតសួរនាំតាមនីតីវិធីព្រមទាំងធ្វើតេស្តទឹកនោម ជាលទ្ធផលវិជ្ជមាន(+)ទាំង០៣នាក់។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕