នៅពេលជំងឺកូវីដ-១៩ ផ្ទុះឡើងនៅឆ្នាំ២០១៩ ទំនាក់ទំនងលើវិស័យដឹកជញ្ជូនពិភពលោកត្រូវបានកាត់ផ្តាច់ ហើយប្រទេសមួយចំនួនធំបានប្រកាសបិទទ្វារ ដែលធ្វើអោយសេដ្ឋកិច្ចសកលលោកបានធ្លាក់ចុះ។ ជាមួយគ្នានេះសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏បានទទួលរងគ្រោះយ៉ាងដំណំ ជាពិសេសវិស័យទេសចរណ៍ និងការនាំចេញសម្លៀកបំពាក់។ សេដ្ឋកិច្ចកម្ពុជា ដែលធ្លាប់មានកំណើនក្នុងរង្វង់៧ភាគរយ ជាង២ទសវត្សរ៍មកហើយ បានធ្លាក់មកនៅក្រោមសូន្យនៅឆ្នាំ២០២០ ពោលគឺសេដ្ឋកិច្ចកម្ពុជានៅឆ្នាំនោះស្ថិតក្នុងកម្រិតអវិជ្ជមាន៣,១ភាគរយ។
ដើម្បីស្តារឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា ក្រោយរងការប៉ះពាល់ពីវិបត្តិកូវីដ-១៩ រដ្ឋាភិបាលកម្ពុជាបានដាក់ផែនការ៣ចំណុចរួមមាន ទី១. ការបន្តអនុវត្តគោលនយោបាយចម្រុះ រវាងរូបិយវត្ថុ សារពើពន្ធ និងរចនាសម្ព័ន្ធក្នុងវិស័យម៉ាក្រូសេដ្ឋកិច្ច។ ទី២. ការធ្វើកំណែទម្រង់រចនាសម្ព័ន្ធ និងពង្រីកសក្តានុពល ដើម្បីពង្រឹងការប្រកួតប្រជែងលើទីផ្សារ និងដោះស្រាយបញ្ហារាំងស្ទះនៅក្នុងការធ្វើពិពធកម្មសេដ្ឋកិច្ច។ និងទី៣. ការបង្កើនកំណើនវិនិយោគក្នុងស្រុកបន្ថែម តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។
បន្ទាប់មករដ្ឋាភិបាលបានដាក់ចេញ «ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ » ។ ហើយបន្ទាប់ទៀតរដ្ឋាភិបាលបានជំរុញការអនុវត្តឱ្យបានល្អប្រសើរនូវ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ » « គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២ – ២០៣៥ »។ ជាលទ្ធផលបានធ្វើអោយស្ថានភាពសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញ ដោយនៅឆ្នាំ២០២១ មានកម្រិត៣ភាគរយ ឆ្នាំ២០២២បានកើនឡើងដល់៥,១ភាគរយ ឆ្នាំ២០២៣កើនឡើងដល់៥,៦ភាគរយ ហើយឆ្នាំ២០២៤កន្លងទៅថ្មីៗ នេះ បានកើនឡើងដល់៦ភាគរយ។ កំណើនសេដ្ឋកិច្ចនេះ បានធ្វើអោយផលិតផលសរុបក្នុងស្រុកសម្រាប់ប្រជាពលរដ្ឋម្នាក់ៗបានកើនឡើងពី១៦០០ ដុល្លារអាមេរិក កាលពីឆ្នាំ២០២០ ឡើងដល់ពី១៩១៧ ដុល្លារអាមេរិក កាលពីឆ្នាំ២០២៣ ហើយឆ្នាំ២០២៤ កន្លងនេះ បានកើនឡើងដល់២០៧១ ដុល្លារអាមេរិក។
យោងតាមសូចនាករម៉ាក្រូសេដ្ឋកិច្ចដែលរៀបចំឡើងដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានវាយតម្លៃនិងព្យាករកំណើន សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥នេះថានឹងទទួលបាន ក្នុងរង្វង់ ៦,៣ភាគរយ។
ជាមួយគ្នានេះផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ៗនៅ ឆ្នាំ២០២៥នេះ ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២៩២៤ ដុល្លារ ដែលជាការកើនឡើងជាង ៤០ ភាគរយ ធៀបនឹងតួលេខដែលបានព្យាករនៅឆ្នាំ ២០២៤ ។
ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥នេះ បានធ្វើឡើងយោង ទៅលើសកម្មភាពនៃការវិនិយោគលើសហគ្រាសធុនតូច និងមធ្យម, ហេដ្ឋារចនាសម្ព័ន្ឋឌីជីថល និងបៃតង ជាមួយ នឹងការ ចាប់ផ្តើម និងពន្លឿនការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១» ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងបង្កើនតម្លៃបន្ថែមទៀតដល់សេដ្ឋកិច្ចកម្ពុជា៕