នាថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងផ្លូវវាងក្រុងសៀមរាប បានដឹកនាំក្រុមការងារចុះពិនិត្យលើតម្រាយប្លង់ទីតាំងលម្អិត នៃគម្រោងផ្លូវវាងក្រុងសៀមរាប (Green Siem Reap Urban Bypass Project) ប្រវែង ៤៦,៥៧គីឡូម៉ែត (PK0+000 – PK46+570) ចំណុចចាប់ពីភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទ បាគង រហូតដល់ភូមិពួកថ្មី ឃុំពួក ស្រុកពួក នៃខេត្តសៀមរាប ដែលបានសិក្សារួច មុនឈានដល់ដំណាក់កាលបើកការដ្ឋានសាងសង់ តាមរយៈមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) នៃសាធារណរដ្ឋកូរ៉េ។
ក្នុងដំណើរបេសកកម្មនេះ មានការចូលរួមរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការទទួលបន្ទុកគម្រោង ឯកឧត្តម លី សារី អភិបាលរងខេត្តសៀមរាប លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងធនាគារ EDCF ប្រចាំកម្ពុជា តំណាងមន្ទីរដែនដីនគររូបនីយកម្ម គ្រប់មន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធ និងអាជ្ញាធរក្នុងមូលដ្ឋានផងដែរ។
គោលបំណងនៃការចុះពិនិត្យនេះគឺដើម្បីកំណត់នូវនិយាមកាច្បាស់លាស់ ពិនិត្យលើតម្រាយប្លង់ទីតាំងលម្អិតនៃផ្លូវ និងឈានដល់ការវាយតម្លៃ ធ្វើយ៉ាងណាកាត់បន្ថយផលប៉ះពាល់ និងការចំណាយឱ្យមានកម្រិតទាប៕