ក្រសួងសារធារណការ និងធនាគារពិភពលោក ជួបពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការតភ្ជាប់

0

នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ហេង ណន រដ្ឋលេខាធិការ និងឯកឧត្តម ផែង សុវិជ្ជានោ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារពិភពលោក (World Bank) ដឹកនាំដោយលោក Sadig Aliyev អ្នកឯកទេសជាន់ខ្ពស់ (WB) ដោយមានការអញ្ជើញចូលពីឯកឧត្តម ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីអគ្គនាយដ្ឋានភស្តុភាកម្មផងដែរ។

ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ស្វែងយល់ពីសមិទ្ធផល ទិសដៅការងារអាទិភាព សក្កានុពលវិនិយោគលើវិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា និងតម្រូវការជំនួយបច្ចេកទេស ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីតួនាទី និងសមិទ្ធផលដែលក្រសួងសម្រេចបាន នាពេលកន្លងមក ជាមួយទិសដៅអនុវត្តបន្ត និងបានស្នើទៅកាន់អ្នកឯកទេសជាន់ខ្ពស់(WB) សូមបន្តផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់វិស័យសាធារណការ និងដឹកជញ្ជូន ពិសេសបន្តគាំទ្រគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក កំពង់ផែ និងភស្តុភារកម្ម គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័នទីក្រុង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត៕