អាជ្ញាធរ និងមន្ត្រីជំនាញខេត្តកំពតអំពាវនាវដល់ពលរដ្ឋក្រីក្រគ្មានដី សូមរួសរាន់មកដាក់ពាក្យស្នើសុំដីនៅឃុំសង្កាត់

0

អាជ្ញាធរស្រុកទឹកឈូបានបញ្ជាក់ថា រដ្ឋបាលស្រុក និងឃុំសង្កាត់បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការងារផ្សព្វផ្សាយស្តីពី “កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព” ជូនដល់ពលរដ្ឋក្រីក្រ ប៉ុន្តែចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈនេះ ស្រុកទើបទទួលពាក្យស្នើសុំចំនួន១១គ្រួសារប៉ុណ្ណោះ។ អាជ្ញាធរ និងមន្ត្រីជំនាញអំពាវនាវដល់ពលរដ្ឋក្រីក្រគ្មានដីសូមរូសរាន់មកដាក់ពាក្យស្នើសុំដីនៅឃុំសង្កាត់ដែលខ្លួនរស់នៅ។

លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានបញ្ជាក់កាលពីរសៀលថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៥ថា បន្ទាប់ពីទទួលបានគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ និងច្បាស់លាស់ពីឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត អំពី“កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព” ដែលជាគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អាជ្ញាធរស្រុក និងអាជ្ញាធរឃុំទាំង១៣ បានធ្វើការផ្សព្វផ្សាយគ្រប់មធ្យោបាយ និងបានចុះផ្សព្វផ្សាយ និងជួបពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋានដោយផ្ទាល់។ យ៉ាងណាក៏ដោយគិតមកដល់ថ្ងៃនេះ ទូទាំងស្រុកទទួលបានការដាក់ពាក្យស្នើសុំចំនួន១១គ្រួសារប៉ុណ្ណោះ។ លោកបានអំពាវនាវដល់ពលរដ្ឋក្រីក្រអត់ដី សូមមកដាក់ពាក្យនៅសាលាឃុំឱ្យបានមុនថ្ងៃទី០២ ខែមីនា។

លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានបញ្ជាក់ឱ្យដឹងថា កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព ជាគោលនយោបាយថ្មីមួយនៅលើវិស័យដីធ្លី ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ការទទួលពាក្យចាប់ពីថ្ងៃទី០១ ខែកុម្ភៈ រហូតដល់ថ្ងៃទី០២ ខែមីនា នៅតាមសាលាឃុំសង្កាត់។ លោកក៏បានអំពាវនាវដល់ពលរដ្ឋក្រីក្រគ្មានដីពិតប្រាកកដ សូមរួសរាន់មកដាក់ពាក្យស្នើសុំដីនៅសាលាឃុំសង្កាត់ឱ្យបានមុនថ្ងៃទី០២ ខែមីនាខាងមុខនេះ។

តាមការបញ្ជាក់របស់ប្រធានមន្ទីរ “កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព” មាន៥ដំណាក់កាល ហើយចាប់ផ្តើមផ្សព្វផ្សាយ និងបើកទទួលពាក្យពីថ្ងៃទី០១ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា។ បន្ទាប់មកឃុំសង្កាត់ធ្វើការពិនិត្យនិងវាយតម្លៃដាក់ពិន្ទុរយៈពេល៧ថ្ងៃ ទើបរៀបចំបញ្ជីតាមលំដាប់អាទិភាពបញ្ជូនមករដ្ឋបាលក្រុងស្រុក។ រដ្ឋបាលក្រុងស្រុក ត្រួតពិនិត្យលើបញ្ជីរយៈ៧ថ្ងៃទៀត ទើបបញ្ជូនមកឱ្យរដ្ឋបាលខេត្ត រដ្ឋបាលខេត្តពិនិត្យលើបញ្ជីនោះរួច ទើបបញ្ជូនទៅលេខាធិការដ្ឋាននៃគណៈកម្មាធិការថ្នាក់ជាតិ។ សរុបរយៈពេលដំណើរការនៅថ្នាក់ក្រោមជាតិមានចំនួន៥១ថ្ងៃ ខណៈដែរលេខាធិការដ្ឋានថ្នាក់ជាតិប្រើពេល២១ថ្ងៃទៀត៕