ឆ្នាំ២០២៤ យន្តការច្រកចេញចូលតែមួយទូទាំងប្រទេស ផ្ដល់សេវាជាង ៥លានសេវា និងទទួលបានចំណូលជាង ៣៥លានដុល្លារ

0

យោងតាមរបាយការណ៍លទ្ធផលការងារ ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ដែលរាយការណ៍ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ បានបង្ហាញថា ក្នុងឆ្នាំ២០២៤ កន្លងទៅ អង្គភាពច្រកចេញចូលតែមួយទូទាំងប្រទេស បានផ្តល់សេវារដ្ឋបាលសរុបចំនួន ៥.២០៦.៣៤៨ សេវា និងទទួលបានចំណូលសរុបចំនួន ១៤១ពាន់លានរៀល សមមូលនឹង ៣៥,៣ ដុល្លារអាមេរិក ដោយក្នុងនោះនៅថ្នាក់រាជធានី ខេត្ត មានចំនួន ៨៨៥.១១៧សេវា ទទួលបានចំណូល១៣០ពាន់លានរៀល (៣២,៥លានដុល្លា) និងថ្នាក់ក្រុង ស្រុក ខណ្ឌ មានចំនួន ៤.៤២១.២៣១សេវា ទទួលបានចំណូល ១១ពាន់លានរៀល(២,៨លានដុល្លា)។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ក៏បានឱ្យដឹងទៀតថា ការងារផ្តល់សេវារដ្ឋបាលដែលបានរៀបចំដាក់ឱ្យអនុវត្តជាផ្លូវការនូវប្រព័ន្ធទូទាត់វិក្កយបត្រ (Payment Hub) នៅគ្រប់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត និងបានពង្រីកការអនុវត្តសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅរដ្ឋបាលរាធានី ខេត្តចំនួន១២។ ទន្ទឹមគ្នានេះ ក៏បានរៀបចំដាក់ឱ្យអនុវត្តសាកល្បងការស្នើសុំសេវារដ្ឋបាលតាមប្រព័ន្ធអនឡាញលើប្រភេទសេវាចំនួន៩ នៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក គោលដៅចំនួន៩ ផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្ថែមដែរថា តាមរយៈយន្តការច្រកចេញចូលតែមួយ រដ្ឋបាលថ្នាក់ក្រោមជាតិបានខិតខំផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋយ៉ាងឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាម គោលការណ៍ នីតិវិធី និងស្តង់ដាសេវាដែលបានកំណត់៕