អភិបាលក្រុងបាត់ដំបងបានណែនាំឱ្យម្ចាស់សាងសង់សំណង់រំលោភដីចំណីស្ទឹងសង្កែនៅសង្កាត់វគ្គគររុះរើចោលវិញទាំងស្រុង

0

ក្រោយពីទទួលព័ត៌មានពីការសាងសង់សំណង់រឹងរំលោភចូលស្ទឹងសង្កែ លោក លាងវាសនា អភិបាលក្រុងបាត់ដំបងបានចាត់មន្រ្តីក្រុងចុះពិនិត្យនិងណែនាំឱ្យម្ចាស់សំណង់ធ្វើការរុះរើសំណង់ដែលសង់រំលោភចូលដីចំណីស្ទឹងសង្កែនៅចំណុចក្រុមទី១១ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបងចេញវិញទាំងស្រុងហើយ នាព្រឹកថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២៥។

លោក លាង វាសនា បានឱ្យដឹងថាសំណង់ខាងលើជាសំណង់លំនៅឋានចាស់ដែលម្ចាស់ឈ្មោះមាស សំបុណ្យ បានរស់នៅយូរមកហើយ មុនលោកចូលកាន់ដំណែងជាអភិបាលក្រុងទៅទៀត ប៉ុន្តែចុងក្រោយមកនេះ ម្ចាស់សំណង់នេះបានលួចសាងសង់សំណង់បន្តុបបន្ថែមលយចូលដីចំណីស្ទឹងសង្កែប្រហែលពីរម៉ែត្រទៅ៣ម៉ែត្រ ដោយមួយថ្ងៃលួចសង់បន្តិចៗនៅពេលស្ងាត់។លោកបន្ថែមថានៅពេលដែលអ្នកព័ត៌មានផ្សាយទើបលោកបានទទួលព័ត៌មាន ក៏ចាត់វិធានការឱ្យម្ចាស់ទីតាំងរុះរើភ្លាមៗតែម្តង មិនទុកយូរនោះទេ។

សូមបញ្ជាក់ថាក្រោយពីទទួលព័ត៌មានចៅសង្កាត់វត្តគរ ក៏បានដឹកនាំមន្រ្តីចុះត្រួតពិនិត្យនិងធ្វើកិច្ចសន្យាឱ្យម្ចាស់សំណង់បញ្ឈប់ការសាងសង់រំលោភចំណីស្ទឹងជាបន្ទាន់នៅល្ងាចថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២៥ ។ ក្រោយមកលោកអភិបាលក្រុងបាត់ដំបងបាន ចាត់ក្រុមការងារចំរុះ ចុះពិនិត្យ ណែនាំដល់ម្ចាស់សំណង់ឲ្យធ្វើការរុះរើសំណង់ដែលសង់រំលោភចូលដីចំណីស្ទឹងសង្កែខាងលើចេញទាំងស្រុងតែម្តង ដែលដឹកនាំអនុវត្តដោយលោក សាំង ច័ន្ទសុផល នាយករងរដ្ឋបាលក្រុងបាត់ដំបង ដែលមានការចូលរួមពីជំនាញពាក់ពន្ធ័ លោកចៅសង្កាត់ ប្រធានភូមិ និងកម្លាំងនគរបាលប៉ុស្ត៍រដ្ឋបាលសង្កាត់វត្តគរផងដែរ៕