គ្រឿងចក្រនឹងចាប់ដំណើរការចុះទៅជីកព្រែកជីកហ្វូណនតេជោឆាប់ៗខាងមុខនេះ

0

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ចូនបានលើកឡើងថា ការសាងសង់ជីកព្រែកហ្វូណនតេជោនឹងចាប់ផ្តើមនៅពេលដែលរដ្ឋាភិបាលបញ្ចប់ការដោះស្រាយផលប៉ះពាល់រួចរាល់ជូនពលរដ្ឋ។ ហើយមុននឹងឈានដល់ពេលដោះស្រាយផលប៉ះពាល់ រដ្ឋាភិបាលនោះត្រូវឆ្លងកាត់នីតិវិធីកំណត់និយាមការ លើខ្សែព្រែកជាមុនសិន។

ឯកឧត្តម ផន រឹម បានបញ្ជាក់ថារហូតមកដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ក្រសួងបានបិទបញ្ចប់ដំណើរ ការផ្ទៀងផ្ទាត់និយាមកាកំណាត់ទី១ នៃព្រែកជីកហ្វូណនដែលមានចម្ងាយ ២១គីឡូម៉ែត្ររួចរាល់។ ចំណែកឯកំណាត់ទី២ ដែលមានចម្ងាយជាង១៥០ គីឡូម៉ែត្រនឹងគ្រោងបញ្ចប់នៅអំឡុងខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។

ទន្ទឹមនេះកាលពីថ្ងៃទី១០កុម្ភ:ឆ្នាំ២០២៥នេះ មានការរៀបចំវេទិកាពិភាក្សាលើ ការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងព្រែកជីកហ្វូណនតេជោ កំណាត់ទី១ ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយឯកឧត្តមបណ្ឌិត ស្តើង សុខុម រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានគណៈកម្មាធិការ ដើម្បីដោះស្រាយផលប៉ះពាល់សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោបានបញ្ជាក់ថា ការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដីធ្លីដោយសារគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ដំណើរពីសប្តាហ៍ទី ២ នៃខែកុម្ភៈនេះតទៅហើយធ្វើឡើងតាមយន្តការដោះស្រាយដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យ៉ាងណាក៏ដោយកាលបរិច្ឆេទច្បាស់លាស់សម្រាប់គ្រឿងចក្រចុះដំណើរការជីកព្រែក នៅមិនទាន់បានបញ្ជាក់ទេដោយសាររយ:ពេលប្រើប្រាស់សម្រាប់ទូទាត់សំណងជូនប្រជាពលរដ្ឋមិនអាចកំណត់បាន។ ទោះជាយ៉ាងនេះក្តីព័ត៌មានស្តីពីផែនការដាក់គ្រឿងចក្រអោយចុះដំណើរការជីកព្រែកខាងមុខនេះ បានឆ្លើយបំភ្លឺតបតទៅគ្រប់មជ្ឈដ្ឋានដែលទន្ទឹងរង់ចាំមើលដំណើរការជីកព្រែកដំបូងនៅកម្ពុជានេះ។

ឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទី ១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាឧបនាយករដ្ឋមន្រ្តីដែលទទួលបន្ទុកគម្រោងព្រែកជីកហ្វូណនតេជោកាលពីថ្ងៃទី២៧វិច្ចិកា២០២៤ បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណននឹងធ្វើរួចរាល់ទៅតាមការកំណត់ ឬអាចសង់រួចមុនផែនការកំណត់។ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់អំពីអ្វីដែលរដ្ឋាភិបាលបានធ្វើកន្លងមកនេះថា បានកែខ្សែផ្លូវទឹកខ្លះដែលបានធ្វើអោយផលប៉ះពាល់បានកើនឡើងដល់ប្រមាណ ២ ៣០៥ លំនៅដាន ក្នុងនោះមានតែ ៤០០ ផ្ទះ ដែលប៉ះច្រើនត្រូវរុះរើចេញ ក្រៅពីនេះ ប៉ះតែរបងផ្ទះ និងកន្លងមកយើងរង់ចាំពេលវេលាដែលទឹកស្រក ដើម្បីចុះទៅបោះនិយាមការឱ្យបានត្រឹមត្រូវ។

ឯកឧត្តមបានបញ្ជាក់ថារដ្ឋាភិបាលបានប្រើពេលវេលាកន្លងមកនេះដើម្បីសិក្សាអំពីទំហំផលប៉ះពាល់ដើម្បីទូទាត់សងប្រជាពលរដ្ឋដែលរងផលប៉ះពាល់អោយបានត្រឹមត្រូវ។ឯកឧត្តមបានបញ្ជាក់ថា ការបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនកាលពីថ្ងៃទី៥ខែសីហាឆ្នាំ២០២៤ គឺជាការបោះជំហានចេញទី១។ ឯកឧត្តមបានបញ្ជាក់ថានៅពេលព្រែកជីករួចរាល់វានឹងផ្តល់

ផលប្រយោជន៍ជាច្រើនដូចជា៖ ១. កាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ២. ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្ដុភារកម្ម ៣. ការអភិវឌ្ឍផែរណបថ្មីៗជាច្រើនទៀត ៤. ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ដ្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ៥. ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី១ របស់កម្ពុជា ៦. ការបង្កើតការបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ៧. ការជំរុញការអភិវឌ្ឍក្រុង នគរូបីយកម្ម ៨. ការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។ សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោនេះ មានប្រវែង ១៨០គីឡូ ម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេ មេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប។

សូមរំលឹកថា គម្រោងព្រែកជីកហ្វូណនតេជោនេះ ត្រូវបានរដ្ឋាភិបាលកំណត់ពេលសម្រាប់សាងសង់ចំនួន ៤៨ ខែ ដែលគ្រោងនឹងបញ្ចប់ជាស្ថាពរនៅ ឆ្នាំ ២០២៨ ដែលប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧ ពាន់ លានដុល្លារ៕