កងកម្លាំងរាជអាវុធហត្ថមួកខៀវកម្ពុជាធ្វើមាតុភូមិនិវត្តន៍ក្រោយបញ្ចប់បេសកកម្មUNរយៈពេល១ឆ្នាំនៅស៊ូដង់ខាងត្បូង

0

កងកម្លាំងរាជអាវុធហត្ថមួកខៀវកម្ពុជាចំនួន៧៣នាក់ធ្វើមាតុភូមិនិវត្តន៍ ក្រោយបញ្ចប់បេសកកម្មUNរយៈពេល១ឆ្នាំនៅស៊ូដង់ បានមកដល់អាកាសយានអន្តរជាតិភ្នំពេញប្រកបដោយសុវត្ថិភាព នាថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៥ ដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញទៅទទួល ជួបសំណេះសំណាល និងសួរសុខទុក្ខ។

ក្នុងពិធីសំណេះសំណាល និងទទួលកងទ័ពមួកខៀវ ឯកឧត្តម ក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ។

ឯកឧត្តម សែម រតនា មានប្រសាសន៍ថា កងកម្លាំងរាជអាវុធហត្ថមួកខៀវបានបញ្ចប់បេសកកម្មរបស់ខ្លួន ដោយទទួលបានផ្លែផ្កាជាច្រើន និងជោគជ័យគ្រប់ភារកិច្ចដែលទីបញ្ជាការដ្ឋានអង្គការសហប្រជាជាតិប្រចាំស៊ូដង់ខាងត្បូង (UNMISS) គឺកម្លាំងយើងបានបំពេញការងារនៅតំបន់បេសកកម្ម គឺត្រួតពិនិត្យសំណ្តាប់ធ្នាប់ ត្រួតពិនិត្យល្បឿនរថយន្ត ត្រួតពិនិត្យឯកសាររថយន្ត ត្រួតពិនិត្យជាតិអាល់កុល ការងារនៅព្រលានយន្តហោះ ល្បាតជាប្រចាំនៅខាងក្នុង និងខាងក្រៅបន្ទាយ នីតិវិធីនៃការឆែកឆេរសម្ភារ កងប្តូរវេននៃបណ្តាកងទ័ពមួកខៀវប្រទេសផ្សេងៗ និងធ្វើបានបំពេញលើការងារមនុស្សធម៌ ដូចជាចែកអំណោយសម្ភារសិក្សា និងចែកទឹកស្អាតដល់ប្រជាជនស៊ូដង់ខាងត្បូង។

អត្រាចូលរួមរបស់នារីក្នុងកងនេះស្មើ៤៦% លើសពីតម្រូវការរបស់ អ.ស.ប. ត្រឹម១៥%។ នេះសបញ្ជាក់ឱ្យឃើញថា កម្លាំងមួកខៀវកម្ពុជា ពិតជាបានធ្វើនវានុវត្តចំណេះជំនាញក្នុងបរិបទនៃការរស់នៅថ្មី និងសាមគ្គីភាព សហប្រតិបត្តិការ គោរពវិន័យល្អ និងភាពអង់អាចក្លាហានក្នុងការអនុវត្តតួនាទីរបស់ខ្លួនគ្រប់ពេលវេលា និងគ្រប់ទីកន្លែងនៃតំបន់ដែលខ្លួនបានចូលរួម។

ចាប់ពីឆ្នាំ២០០៦-បច្ចុប្បន្ន មានចំនួន៩,៨១៥នាក់ (នារី ៨៥៤នាក់) ទៅកាន់បេសកកម្មចំនួន១២ ក្នុងប្រទេសចំនួន១០៖ ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ឆាដ សាយប្រឺស ស៊ីរីម៉ាលី អាហ្រិ្វកកណ្តាល យេមែន និងកុងហ្គោ លើជំនាញ បោសសម្អាតមីន អាវុធហត្ថពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មព្រលានយន្តហោះ វិស្វកម្មសំណង់ផ្តេក-បញ្ឈរ នាយទាហានសេនាធិការ និងសង្កេតការណ៍៕