លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានឱ្យដឹងកាលពីរសៀលថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៥ថា សម្រាប់ការវាស់វែងចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនៅស្រុកទឺកឈូ និងត្រូវបិទបញ្ចប់នៅខែមេសា ឆ្នាំ២០២៥ខាងមុខនេះ ដោយខាងជំនាញបាន និងកំពុងសម្រេចការងារចំនួន៤៤ភូមិ ដោយនៅសល់តែ១១ភូមិទៀតប៉ុណ្ណោះ ដែលក្រុមការងារនឹងត្រូវវាស់ឱ្យរួចរាល់នៅដើមខែមេសាខាងមុខ។
លោកបានបញ្ជាក់ថា ដំណើរការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនៅក្នុងស្រុកទឺកឈូ មានភាពល្អប្រសើរ ព្រោះអាជ្ញាធរ មន្ត្រីជំនាញ និងប្រជាពលរដ្ឋចូលរួមសហការគ្នាបានល្អ ហើយមកដល់ពេលនេះគ្មានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ។
លោក សេង ឃាង ប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកទឹកឈូ បានបញ្ជាក់ដែរថា ស្រុកទឹកឈូមានក្រុមការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធចំនួន៦ក្រុម ១ក្រុម៥នាក់។ ហើយបច្ចុប្បន្នស្រុកបានធ្វើការបិទផ្សាយបន្ថែមចំនួន២ភូមិ ហើយបាន និងកំពុងចុះវាស់វែងចំនួន២ភូមិដែរ។
តាមមន្ត្រីជំនាញថា ស្រុកទឹកឈូមានឃុំចំនួន១៣ ស្មើ៥៥ភូមិ ដែលមានក្បាលដីប៉ានស្មានសរុបប្រមាណ៨ម៉ឺន៤ពាន់ក្បាលដី បានចេញបណ្ណប្រគល់ជូនពលរដ្ឋចំនួន១៩ភូមិ ប្រមាណ២ម៉ឺនក្បាលដី ហើយបច្ចុប្បន្ន ក៏នៅតែបន្តចែកបណ្ណជូនពលរដ្ឋរាល់ថ្ងៃផងដែរ។ ហើយស្រុកទឹកឈូអាចជាស្រុកមួយដែលនឹងបិទបញ្ចប់ការចុះវាស់វែងមុនគេរបស់ខេត្តកំពត។
សូមបញ្ជាក់ថា បច្ចុប្បន្នអាជ្ញាធរ និងផ្នែកជំនាញស្រុកទឹកឈូ បាន និងកំពុងខិតខំអនុវត្តការងារយ៉ាងសស្រាក់សស្រាំ ដើម្បីវាស់វែងដីធ្លីជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ហើយស្រុកទឹកឈូមានភូមិដែលមិនទាន់បានវាស់វែងចំនួន១១ភូមិ មានក្បាលដីប៉ាន់ស្មានប្រមាណ១ម៉ឺន៧ពាន់ក្បាលដី ហើយដើម្បីឆ្លើយតបទៅនឹងផែនការរបស់ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តកំពត។ ក្រុមមន្ត្រីជំនាញប្តេជ្ញាចិត្តថានឹងធ្វើការវាស់វែងឱ្យបានរួចរាល់នៅដើមខែមេសា ឆ្នាំ២០២៥ខាងមុខនេះ៕