ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្រាកពេទ្យនៃមណ្ឌលសុខភាពរវៀងក្នុងខេត្តព្រះវិហារ

0

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្រាកពេទ្យនៃមណ្ឌលសុខភាពរវៀងក្នុង ខេត្តព្រះវិហារ ដែលជាអំណោយរបស់ប្រជាជនជប៉ុន តាមរយៈគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (Grassroot Human Security Project) រឺ KUSANONE នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា។

កម្មវិធីនេះមានការអញ្ជើញចូលរួមដោយ លោក NAGASE Kensuke ឧបទូត និងជាអនុប្រធានបេសកកម្មកាតទូតនៃស្ថានទូតជប៉ុនប្រចំាកម្ពុជា លោកជំទាវ ខូយ ប៊ុនថាន សមាជិកក្រុមប្រឹក្សាខេត្តព្រះវិហារ លោកជំទាវប៉ាង រ៉ាវី អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ ប្រធានមន្ទីរសខាភិបាលខេត្ត រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិត្បែងមានជ័យ អាជ្ញាធរមូលដ្ឋាន ប្រធានមណ្ឌលសុខភាព តំណាងក្រុមទ្រទ្រង់សុខភាពភូមិ និងយុវជនមកពីសហភាពសហព័ន្ធយុវជនកម្ពុជា កាកបាតក្រហម រួមទាំងកាយរិទ្ធ សរុបចំនួន ៥៥០នាក់។

ក្នុងនាមតំណាងឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល​ នាឱកាសនេះ លោកជំទាវរដ្ឋលេខាធិការ​ បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់រាជរដ្ឋាភិបាល​ និងប្រជាជនជប៉ុន​ សម្រាប់អំណោយអគារសម្រាកពេទ្យ​ថ្មី​ ដ៏វិសេសវិសាលមួយនេះ និងរម្លឹកថ្លែងអំណរគុណដល់ដៃគូនានា ដែលបានជួយគាំទ្រលើការអភិវឌ្ឍវិស័យសុខភិបាលនៅក្នុងប្រទេសកម្ពុជា។​ លោកជំទាវរដ្ឋលេខាធិការ​ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល​ ជូនដល់បងប្អូនប្រជាពលរដ្ឋ​ ក្រុមគ្រូពេទ្យ​ អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ ក្មួយៗទាំងអស់ដែលមានវត្តមានក្នុងអង្គពិធីនេះ​ ហើយបានធ្វើការណែនាំឱ្យចេះថែរក្សាសុខភាពផ្ទាល់ខ្លួន​ កុំរងចាំទាល់តែឈឺខ្លាំងទើបទៅរកពេទ្យមើល​ ដែលលោកជំទាវបានចាត់ទុក​ “បុគ្គលម្នាក់​ គឺជាអ្នកអប់រំ​ និងជាអ្នកថែទាំសុខភាពផ្ទាល់ខ្លួន​ និងក្រុមគ្រួសារខ្លួនជាបឋមដ៏ល្អប្រសើរ” ជាពិសេសត្រូវចូលរួមកាត់បន្ថយជាអតិបរិមានូវជំងឺមិនឆ្លង​ ដោយអនុវត្តន៍​ “តិចអំបិល​ តិចខ្លាញ់​ តិចស្ករ” កាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង​ និងបញ្ឈប់ការជក់បារីគ្រប់ប្រភេទ​ រួមទាំងបារីអេឡិចត្រូនិចផងដែរ។ ជាមួយគ្នានោះ​ លោកជំទាវដ្ឋលេខាធិការ​ បានណែនាំឱ្យមានការចេះថែទាំអគារមណ្ឌលសុខភាព​ ចេះជួសជុលឱ្យបានទាន់ពេល​ ហើយអគារថ្មីនេះ​ ក៏ត្រូវថែរក្សាឱ្យនៅស្អាតបាតជាប្រចាំ​។ មណ្ឌលសុខភាព​ ត្រូវមានអនាម័យល្អ​ ទន់ភ្លន់រាក់ទាក់ជាមួយអតិថិជន​ យកចិត្តទុកដាក់លើការបម្រើសេវា​ ២៤ម៉ោង​ជារៀងរាល់ថ្ងៃ​ បង្កើនចំណេះដឹង​ និងចំណេះធ្វើ​ ហើយទាំងអាជ្ញាធរខេត្ត​ ស្រុក​ ឃុំ​ ភូមិ​ និងបុគ្គលិកពេទ្យទាំងអស់​ ត្រូវសហការគ្នាជំរុញការអភិវឌ្ឍមណ្ឌលសុខភាពនៅទូទាំងខេត្ត​ ប្រែក្លាយទៅជាមណ្ឌលសុខភាពគំរូ​ ឱ្យបានចំនួន១០​ មណ្ឌល​សុខភាពមិនសូវដំណើរការ​ ត្រូវជំរុញឱ្យបានល្ល្អជាមធ្យម​ និងមធ្យម​ ឱ្យបានល្អប្រសើរ​ ្រមទាំងសហការគ្នាជំរុញបង្កើនការថែទាំសុខភាពបឋម​ ដោយកៀរគរការចូលរួមរបស់សហគមន៍​ ឱ្យសម្រេចបានតាមផែនការឆ្នាំ២០២៥​ ដែលបានអនុម័តរួចហើយ។

ជាទីបញ្ចប់​ លោកជំទាវរដ្ឋលេខាធិការ​ បានកាត់ខ្សែបូរ​ ជានិមិត្តរូបនៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្រាកព្យាបាលជំងឺថ្មីមួយខ្នងនេះ​ ជាមួយនិងចុះហត្ថលេខាលើក្រាំងមាស​ ព្រមទាំងបានរួមគ្នាជាមួយតំណាងស្ថានទូតជប៉ុន​ ដាំដើមឈើនៅក្នុងបរិវេណមណ្ឌលសុខភាពផងដែរ។

គួរបញ្ជាក់ថា អគារសម្រាកពេទ្យមួយខ្នងនៃមណ្ឌលសុខភាពរវៀង​នេះ​ មានកម្ពស់មួយជាន់​ មានបន្ទប់ចំនួន១៣ និងបន្ទប់ទឹកចំនួន៤ ហើយមានទីតាំងស្ថិតនៅ ក្នុងភូមិបាក់ក្ដោង ឃុំរបៀប ស្រុងរវៀង ខេត្តព្រះវិហារ៕