នាវាទេសចរណ៍បរទេសចំនួនមួយគ្រឿងមានឈ្មោះ SEVENSEA EXPLIORER បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាង ៧០០នាក់ ស្មើនឹង១៨សញ្ជាតិ ចូលសុំចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយ:ពេលមួយថ្ងៃ តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃចន្ទទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។
តាមការឱ្យដឹងពីមន្ត្រីនគរបាលអន្តោប្រវេសន៍្តច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈនេះ នាវាទេសចរណ៍បរទេសចំនួន០១គ្រឿង មានឈ្មោះ SEVENSEA EXPLIORER មានសញ្ជាតិ MARSHALL ISLAND មានបណ្តោយ២២៣.៧៤ម៉ែត្រ ទទឹង៣១.ម៉ែត្រ ជម្រៅទឹក៧ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន៧២៥នាក់ ស្រី៣៩១នាក់ ស្មើនឹង១៨សញ្ជាតិ និងមាននាវិកសរុបចំនួន៥៤៥នាក់ ស្រី ១៣៣នាក់ ស្មើនឹង៤៤សញ្ជាតិ។ នាវាទេសចរណ៍ SEVENSEA EXPLIORER បានធ្វើដំណើរចាកចេញពីប្រទេសថៃ ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង៩ និង៣០នាទី ព្រឹកនេះ ដោយមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង២០ ថ្ងៃដដែលឆ្ពោះទៅកាន់កំពង់ផែប្រទេសវៀតណាម។
ភ្ញៀវទេសចរបរទេសដែលបានធ្វើដំណើរតាមនាវាទេសចរណ៍បរទេស SEVENSEA EXPLIORER ដែលមានសញ្ជាតិច្រើនជាងគេមានដូចជា USA ៥៨៩នាក់ British ៦៦នាក់ ក្រៅពីនោះមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ផ្សេងៗទៀត។ ក្នុងចំណោមភ្ញៀវទេសចរបរទេសជាង៧០០នាក់ មានភ្ញៀវទេសចរចុះពីនាវាចេញទៅទស្សនាអង្គរវត្ត ខេត្តសៀមរាបចំនួន ២០នាក់ ស្រី១១នាក់ ស្មើនឹង០២សញ្ជាតិ។
ភ្ញៀវទេសចរបរទេសបានធ្វើដំណើរតាមឡានក្រុងអញ្ជើញទស្សនាក្នុងខេត្តព្រះសីហនុ មានដូចជា ភូមិនេសាទទំនប់រលក ទីប្រជុំជនផ្សារលើ តំបន់មាត់សមុទ្រ រូបសំណាកតោពីរ តំបន់វប្បធម៌មានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ ក្នុងក្រុងព្រះសីហនុ។ កម្សាន្តតំបន់អភិឌ្ឍ Boy of light រូបសំណាកព្រះថោងនាងនាគ មជ្ឈមណ្ឌលវិបស្សនាធុរៈគិរីនាគវ័ន (វត្តសមាធិ) ក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងដំណើរកម្សាន្តរបស់ភ្ញៀវទេសចរក្នុងខេត្តព្រះសីហនុ ដោយមានការទទួលស្វាគមន៍ពីរដ្ឋបាលខេត្តព្រះសីហនុ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលការពារសន្តិសុខ សុវត្ថិភាពពីកងកម្លាំងសមត្ថកិច្ច អាជ្ញាធរក្រុង និងអាជ្ញាធរខេត្តព្រះសីហនុ៕