ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមសុខាភិបាលខ្មែរនៅអាមេរិក ចុះព្យាបាលជំងឺ និងផ្តលវែនតា ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តក្រចេះ

0

ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សួស សេរីសួស្តី អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត លោក ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលខេត្ត លោកវេជ្ជបណ្ឌិត តាន់សុង ប្រធានក្រុមការងារនៃសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) សរុប ២៥៨ នាក់ សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត ចុះពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិត ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយពិនិត្យទៅលើជំងឺទូទៅ -វះកាត់រោគស្ត្រី -វះកាត់ភ្នែក -ព្យាបាលមាត់ធ្មេញ -ចាក់ម្ជុលវិទ្យាសាស្ត្រ និងចែកវ៉ែនតាជូនចាស់ៗ រួមនិងវ៉ែនតាការពារកម្ដៅថ្ងៃ ។

លោកវេជ្ជបណ្ឌិត តាន់សុង ប្រធានក្រុមការងារនៃសមាគម បានលើកទ្បើងថា ៖ ទោះបីជាលោករស់លើទឹកដីអាមេរិក ក៏លោកនៅនឹករលឹកនិងស្រឡាញ់ទឹកដីកំណើតដែលធ្លាប់រស់នៅ ពិសេសប្រជាពលរដ្ឋដែលជួបការលំបាកពីរឿងសុខភាព ទើបលោកធ្វើការប្រកាសដល់សប្បុរសជន និងក្រុមគ្រូពេទ្យខ្មែរនៅអាមេរិក ឱ្យជួយជាថវិកា ថ្នាំពេទ្យ វ៉ែនតា ពិសេសទៅទៀត គឺវេជ្ជបណ្ឌិតសមាគមសុខាភិបាលខ្មែរនៅអាមេរិក ចុះមកខេត្តក្រចេះជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។

ក្នុងនោះដែរឯកឧត្តម សួស សេរីសួស្ដី អភិបាលរងខេត្តក្រចេះ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ ក្រុមវេជ្ជបណ្ឌិតនៃសមាគមសុខាភិបាលខ្មែរនៅអាមេរិកទាំងអស់ ដែលបានចុះមកពិនិត្យ និងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ ក្នុងខេត្តក្រចេះ នាពេលនេះ សុទ្ធតែបានបង្ហាញនូវភាពសប្បាយរីករាយ គឺជាការរួមចំណែកកាត់បន្ថយលើការចំណាយ របស់ប្រជាពលរដ្ឋបានច្រើន សម្រាប់ការថែទាំសុខភាពបន្ថែមប្រចាំថ្ងៃ ។

ជាពិសេសនៅជនបទ ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា វណ្ណ: ក្នុងបំណងរួមចំណែកបន្ថែមក្នុងការបំប៉ន លើកកម្ពស់សុខុមាលភាព កាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ ដែលជួយជាមនុស្សធម៌សុខភាពសាធារណៈ និងសូមឱ្យសកម្មភាពនេះ នៅតែបន្តមានសម្រាប់ប្រជាពលរដ្ឋគ្រប់រូបនៅក្នុងខេត្តក្រចេះ ៕