សហគមន៍កសិកម្មទំនើប «បន្លែផ្ទះសំណាញ់ត្រាំកក់» បន្តបែងចែកប្រាក់ចំណេញភាគលាភប្រចាំខែជូនដល់សមាជិករបស់ខ្លួនជាលើកទី៤ ដោយក្នុងខែនេះដោយនាក់ៗមានផ្ទះសំណាញ់២ខ្នង បានប្រាក់ចំណេញរង្វង់ ៧៥០ ០០០ រៀល។
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៥ថា គិតជាមធ្យម ក្នុងខែនេះសមាជិកម្នាក់ៗមានផ្ទះសំណាញ់២ខ្នង នឹងទទួលបានប្រាក់ចំណេញក្នុងរង្វង់ ៧៥ម៉ឺនរៀល ដែលក្នុងនោះ៧០ភាគរយបានមកពីប្រាក់រង្វាន់លើការថែទាំបន្លែ និង៣០ភាគរយទៀតទទួលបានបន្ថែមពីសហគមន៍ក្រោយការទូទាត់ចំណាយប្រចាំខែរួចរាល់។
ទោះបីជាប្រាក់ភាគលាភក្នុងខែនេះទាបជាងកាលពីខែមុនបន្តិច ដោយសារទទួលរងសម្ពាធពីការធ្លាក់ចុះនៃថ្លៃបន្លែលើទីផ្សារ តែសហគមន៍កសិកម្មទំនើបនៅតែបន្តធានាបាននូវប្រាក់ចំណេញសមរម្យជាប្រចាំដែលមានស្ថេរភាព និងអាចលក់ចេញបន្លែក្នុងរង្វង់ ១ ៥០០ រៀលគីឡូក្រាម ក្នុងខណៈពេលដែលកសិករនៅក្រៅសហគមន៍ភាគច្រើនកំពុងរងការខាតបង់ពីការទទួលបានថ្លៃត្រឹមតែ៥០០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ៕