អភិបាល​រាជ​ធានី​ភ្នំពេញ​ ណែនាំ​ឱ្យ​បន្ត​បាញ់​ថ្នាំ​សម្លាប់មូស ដល់ក្នុងផ្ទះប្រជាពលរដ្ឋ

0

ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ​ គេ​បាន​សង្កេត​ឃើញ​ថា​ នៅ​រាជធានី​ភ្នំពេញ​មូស​កាន់​តែ​ច្រើន​ឡើង​ៗ​ ជា​ពិសេស​នៅ​តំបន់​បឹង​ទំពន់​ ខណ្ឌ​មានជ័យ​ ទោះបីជា​ រដ្ឋបាល​រាជធានីភ្នំពេញ​ សហការជាមួយកងកម្លាំងកងពលតូចលេខ៧០(ង៧០) បើកយុទ្ធនាការបាញ់សម្លាប់មូសមិនទាន់ដកដៃក៏ដោយ​តែមូស​ហាក់​ដូច​ជា​នៅ​មិន​ទាន់​ថមថយឡើយ។

ដោយសារ​ហេតុផល​ខាង​លើ​នេះ​ ឯកឧត្ដម ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ ក្នុង​កិច្ច​ប្រជុំ​ដក​បទពិសោធន៍​នៃដំណើរ​សាកល្បងផ្លូវ​ថ្មើរ​ជើង​ មាត់​ទន្លេ​ នៅសាលា​រាជធានីភ្នំពេញ​ កាលពី​ថ្ងៃទី​៧​ខែ​ កុម្ភៈ​២០២៥នេះ​ឯកឧត្ដមបាន​ណែនាំ​ទៅ​លោកវេជ្ជបណ្ឌិតងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ​ ឱ្យ​សហការ​ជាមួយ​ សង្កាត់​ ខណ្ឌ​ និង​ប្រជាពលរដ្ឋ​ បន្ត​ បាញ់​ថ្នាំ​សម្លាប់​មូស​ ចូល​ដល់​ក្នុង​ផ្ទះ​ប្រជាពលរដ្ឋ​តែម្តង​។

ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានីភ្នំពេញ​ លោក​ វេជ្ជបណ្ឌិតងី មានហេង​ បាន​ឱ្យ​ដឹងនៅ​ថ្ងៃ​ទី​៨ខែ​កុម្ភៈ​នេះថា​ យុទ្ធនាការ​បាញ់​ថ្នាំ​សម្លាប់​មូស​កន្លង​មកនេះ​ គឺ​ធ្វើ​ទូរទាំង​រាជធានីភ្នំពេញ​ ហើយ​មូស​ដែល​បាញ់​ថ្នាំ​ត្រូវ​ គឺវាបានងាប់អស់​ហើយ​ ប៉ុន្តែ​មូស ដែលកើតមានបន្តបន្ទាប់នេះ​ គឺ​វាកើតចេញពីដង្កូវទឹក​ ដែល​មានទឹកនៅក្នុង​ លូ​ ប្រឡាយ​ អាងទឹក​ឬបឹង​ ដែល​វាកើតចេញបន្ត។

លោក​បន្ត​ថា​ ដើម្បី​កម្ចាត់​ និង​លុប​បំបាត់​មូស​ខ្លា​ សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ចូលរួមកុំអោយមានទឹកដក់​ ព្រៃឬស្មៅ​ដែល​ជាជម្រកត្រូវ​កាប់ឆ្កាចេញអោយបានស្អាត៣០០ម៉ែត្រ​ពីផ្ទះ​ បើមិនចឹង​ទេ​ បាញ់​ថ្នាំ​យ៉ាង​ណា​ក៏មិនងាប់មូសអស់ដែរ។

ចំណែក​ប្រជាពលរដ្ឋ​បានលើកឡើងថា​ មូស​កើតច្រើនដោយសារទឹកដក់នៅក្នុង​លូ​ ប្រឡាយ​ យូរណាមួយអត់មានភ្លៀងអត់មានទឹកហូរបេញចូល​ដែល​ជាជម្រកមួស​ ហើយនៅពេលមានការបាញ់ថ្នាំកន្លងមកនេះ​ មួសមួយចំនួនដែលត្រូវថ្នាំបានងាប់​ និងមួយចំនួនទៀតដែលមិនត្រូវថ្នាំបានផ្អើលចេញមកក្រៅចូលផ្ទះប្រជាពលរដ្ឋតែម្តង។

នៅ​ពេល​ទទួល​ដំណឹង​ថា​ អភិបាលរាជធានីភ្នំពេញ​ណែនាំ​ឱ្យ​ មន្ទីរ​ សុខាភិបាល​ចូល​បាញ់​ថ្នាំ​សម្លាប់​មូស​ដល់​ក្នុង​ផ្ទះ​ប្រជាពលរដ្ឋរាជ​ធានី​ភ្នំពេញ​ បានសម្តែងនូវទឹកចិត្តរីករាយ​ និង​សូម​ថ្លែង​អំណរគុណ​ចំពោះអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ ក្រុមគ្រូពេទ្យនៃអង្គភាព៧១១ កងពលតូចលេខ៧០និងមន្ទីរសុខាភិបាលរាជធានី ដែលកន្លងមកបានធ្វើឱ្យយុទ្ធនាការបាញ់ថ្នាំមូសក្នុងភូមិឋានរបស់ពួកគាត់ ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម ដែលនេះបង្ហាញឱ្យឃើញពីកាគិតគូរពីសុខុមាលភាពសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្ដម​​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ ធ្លាប់​មានប្រសាសន៍ថា​ ដើមឆ្នាំ២០២៥នេះ នៅរាជធានីភ្នំពេញ ពិសេសនៅតាមប្រឡាយ លូ បានកើតមូសយ៉ាងច្រើន បង្កឱ្យមានហានិភ័យចំពោះសុខុមាលភាពប្រជាពលរដ្ឋ។ ដោយមើលឃើញពីបញ្ហាប្រឈមនេះ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងកម្លាំងកងពលតូចលេខ៧០(ង៧០) បើកយុទ្ធនាការបាញ់សម្លាប់មូសខ្លានៅពេលនេះតែម្ដង​ ដើម្បី​សុខ​ភាព​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទាំង​អស់​គ្នា​៕