ដោយមានការយកចិត្តទុកដាក់ខ្ពស់អំពីបញ្ហាមូស ដែលអាចបង្កជាជំងឺគ្រុនឈាម ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំការចុះបាញ់ថ្នាំសម្លាប់មូសដោយផ្ទាល់ ដើម្បីចូលរួមជាយុទ្ធនាការទប់ស្កាត់ការកកើតមូស នាល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាល សូមក្រើនរំលឹក និងណែនាំដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើជាយុទ្ធនាការរួមគ្នា លុបបំបាត់ប្រភពកកើតមូស បាញ់ថ្នាំសម្លាប់មូស ដាក់ថ្នាំបាណកឃាដសម្លាប់ដង្កូវទឹក និងផ្សព្វផ្សាយសារអប់រំសុខភាពបន្ថែមទៀត បន្តជំរុញដល់ប្រជាជន នៅតាមសហគមន៍អនុវត្តវិធានការបង្ការឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀងផុតពីជំងឺគ្រុនឈាម ដែលអាចផ្ទុះគ្រប់ពេលវេលា។
ករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញ៉ាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលរបស់រដ្ឋ (សេវាសាធារណៈ) ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតបំផុតជាបន្ទាន់ (មិនឱ្យ យឺតជាង៤៨ម៉ោង បន្ទាប់ពីក្តៅខ្លួន)។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទ ទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល លេខ១១៥ ដោយឥតគិតថ្លៃ៕