​ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យ ឆ្លើយតបទៅនឹងការចេញផ្សាយរបស់លោក ផែង វណ្ណៈ ជុំវិញរឿងចាប់អ្នកកាសែតព្រោះតែដោះមីនយកទៅអោយប៉ូលីស

0

ឧត្តរមានជ័យ៖ អ្នកនាំពាក្យ និង​ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យ មាន​កិត្តិយស សូម ជម្រាប​ជូន អ្នក​និយម​តាមដាន​ព័ត៌មាន​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook និង​សាធារណជន​ទាំងអស់ មេត្តា​ជ្រាប​ថា នៅ​ល្ងាច​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២៥ មាន Page ឈ្មោះ Pheng Vannak បាន​ផ្សព្វផ្សាយ​ព័ត៌មាន មាន​ខ្លឹមសារ​ថា “​អ្នកកាសែត​រក​ឃើញ​មីនតោន​ខំ​យក​ទៅ​អោយ​ប៉ូ​លី​ស ប៉ះ​ចំ​ប៉ូ​លី​ស​អត់​ចេះ​ច្បាប់ ចាប់​គ្នា​យក​ទៅ​ដាក់គុក​ទៀត​។ សុំ​ខ្លាច​ហើយ​ប៉ូ​លី​ស​ខេត្តឧត្តរមានជ័យ​” និង “​សមត្ថកិច្ច​ល្ងង់​ធ្វើ​បែប​នេះ​ហើយ បើ​សមត្ថកិច្ច​ចេះ​ដឹង​គួរតែ អរគុណ​អ្នកកាសែត ដែល​គាត់​យក​មក​ប្រគល់​អោយ​សមត្ថកិច្ច​។ សំណូមពរ ថ្នាក់ដឹកនាំ​អគ្គស្នងការ​នគរបាល​ជាតិ និង ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ មេត្តា​ជួយ​ពិនិត្យ​មើល​ផង​”​។

ស្នងការដ្ឋាន​នគរបាល​ខេត្ត សូម​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​មិន​ពិត មិន​គ្រប់​ជ្រុងជ្រោយ ពុំ​បាន​សុំ​ការ​បញ្ជាក់​ព័ត៌មាន​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្នុង​ការ​ប្រមូល​នូវ​ព័ត៌មាន​ឱ្យ​បាន​ច្បាស់លាស់ នាំ​ឱ្យ​មហាជន​មានការ​យល់​ច្រឡំ ធ្វើ​ឱ្យ​ប៉ះពាល់​នូវ​កិត្តិយស សេចក្តី​ថ្លៃថ្នូរ​របស់​ថ្នាក់ដឹកនាំ ក៏​ដូច​ជា​កងកម្លាំង​នគរបាល​ជាតិ​។

ដើម្បី​កុំឱ្យ​មានការ​ភាន់ច្រឡំ ស្នងការដ្ឋាន​នគរបាល​ខេត្ត​សូម​ធ្វើការ​បំភ្លឺ​ជូន​ថា នៅ​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៥ វេលា​ម៉ោង ២៣:០០​នាទី នៅ​ចំណុច​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ មាន​ករណី​លួច​យក មីនតោន​ពី​តំបន់​ស ដែល​អាជ្ញាធរ​ទំនាក់ទំនង​ព្រំដែន​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ថៃ ចាត់ទុកជា​តំបន់ហាមឃាត់ បង្ក​ឡើង ដោយ​ជនសង្ស័យ​ចំនួន ០២​នាក់ គឺ​ឈ្មោះ ទី ពិ​ទូ ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ មុខរបរ អ្នក​សារព័ត៌មាន មាន​ទីលំនៅ​ភូមិ​ចំការ ចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ និង​ឈ្មោះ ពែ​ក ពុ​យ ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ មុខរបរ កម្មករ មាន​ទីលំនៅ​ភូមិ​គិរី​មង្គល សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។

ស្នងការដ្ឋាន​នគរបាល​ខេត្ត សូម​គូសបញ្ជាក់​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ មាន​ចេតនា​យ៉ាង​ពិតប្រាកដ ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​នាំ​យក​គ្រាប់​មីនតោន​ចេញពី​ទីតាំង​តំបន់​ស រវាង​ព្រំដែន​ប្រទេស​ទាំង​ពីរ ដោយហេតុ​ថា កន្លង​មក ឈ្មោះ ទី ពិ​ទូ ធ្លាប់​បានដឹង និង​បាន​ចុះ​ទៅ​ថត​ផ្សព្វផ្សាយ​អំពី​រឿង​មីនតោន​នេះ ហើយ​ត្រូវ​បាន​អាជ្ញា​ធរមាន​សមត្ថកិច្ច ពន្យល់​បកស្រាយ​រួច​ហើយ​ដែរ ប៉ុន្តែ​ជនសង្ស័យ​នៅ​តែ​គ​ឃ្លី​ន​ពុំ​ស្តាប់​តាម​ការ​ណែនាំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង ហ៊ាន​រហូត​ដល់​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ទើប​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់​។ ម្យ៉ាងវិញទៀត សកម្មភាព​ល្មើសច្បាប់​នេះ អាច​បង្ក​ផល​ប៉ះពាល់​ដល់​ការ ទំនាក់ទំនង​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ព្រមទាំង​អាច​បង្ក​មហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​ដល់​ទ្រព្យសម្បត្តិ និង​អាយុជីវិត​មនុស្ស ប្រសិនបើ​មានការ​ផ្ទុះ​គ្រាប់​មីនតោន​នេះ​។

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន អ្នក​សារព័ត៌មាន ពិសេស​អ្នក​និយម​តាមដាន​ព័ត៌មាន នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook មេត្តា​ជ្រាប​ជា​ព័ត៌មាន​៕

May be an image of text