សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការ​គ្រប់គ្រង ការអភិវឌ្ឍ ការស្រាវជ្រាវ និង នវានុវត្តន៍លើវិស័យបច្ចេកវិទ្យា​ឌីជីថល

0

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរ​ឆ្ពោះទៅបរិវត្តកម្ម​ឌីជីថល និងទិសដៅការងារបន្តរបស់ក្រសួងប្រៃសណីយ៍ និងទូរគម​នាគមន៍ នៅរសៀលថ្ងៃទី៦ ខែ​កុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបាន​ផ្តល់អនុសាសន៍ដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ថា ត្រូវបន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង ការអភិវឌ្ឍ ការស្រាវជ្រាវ និង នវានុវត្តន៍លើវិស័យបច្ចេកវិទ្យាឌីជីថល, ជាពិសេស បច្ចេកវិទ្យាឌីជីថល​ឈានមុខថ្មីៗ ព្រមទាំងទាញយកប្រយោជន៍ជាអតិបរមា និង កាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃបច្ចេកវិទ្យាទាំងនេះ។

ក្រសួង ត្រូវរៀបចំផែនការយុទ្ធសាស្ត្រ និង ផែនការវិនិយោគតាមដំណាក់កាល ដើម្បីកសាង ប្រព័ន្ធអេកូឡូស៊ីជាតិ សម្រាប់អភិវឌ្ឍបច្ចេកវិទ្យាឈានមុខថ្មីៗ ដែលរួមមាន អភិបាលកិច្ច ធនធានបច្ចេកវិទ្យាឌីជីថល, ធនធានមនុស្ស, បច្ចេកទេស និងការអភិវឌ្ឍទីផ្សារបច្ចេកវិទ្យាឌីជីថ លថ្មីៗ។ ដោយសារបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានភាពលេចធ្លោជាងគេបង្អស់ ហើយនាំមកនូវ ផលវិជ្ជមាន និង អវិជ្ជមានផង ដូច្នេះ ក្រសួង និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ត្រូវរៀបចំ អភិបាលកិច្ចឱ្យទាន់ពេល។ ទន្ទឹមនឹងនេះ, ក្រសួង ត្រូវបន្តសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងឧស្សាហកម្ម, វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ក្រសួង-ស្ថាប័នពាក់ ព័ន្ធ ជំរុញការស្រាវជ្រាវ, ការអភិវឌ្ឍ នវានុវត្តន៍ និង ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត នេះ ដើម្បីបម្រើឱ្យការអភិវឌ្ឍក្នុងវិស័យរបស់ខ្លួន។ ក្រសួង ក៏ត្រូវតាមដាន សិក្សាស្រាវជ្រាវ និង ស្វែងយល់នូវរាល់និន្នាការវិវត្តនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ព្រមទាំងចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗ ក្នុងកម្រិតតំបន់ និងពិភពលោក៕